ដង្កូវសង្គមឆក់សម្ភារៈប្រជាពលរដ្ឋតាមដងផ្លូវ ចំនួន ៦នាក់ ត្រូវកម្លាំងនគរបាលបង្ក្រាបបាន នៅខណ្ឌច្បារអំពៅ

ភ្នំពេញ៖ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានបើកប្រតិបត្តិបង្ក្រាបមុខសញ្ញាឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ បានដងផ្លូវសង្គម ចំនួន ៦នាក់ ក្រោយធ្វើសកម្មភាពបានមួយដង្ហើមចង្រិត។
ការចាប់ខ្លួនជនផ្លូវសង្គមសង្ស័យទាំង ៦នាក់នេះ ធ្វើឡើងនៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ នៅចំណុចដីឡូតិ៍គ្មានលេខ ផ្លូវបេតុង ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ អាត ស្រីកា អាយុ១៧ឆ្នាំ មុខរបរជាងអ៊ុតសក់ ស្នាក់នៅភូមិព្រែកថ្មី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ សម្ភារៈបាត់រួមមាន ខ្សែកផ្លាទីនចំនួន ១ខ្សែ ទម្ងន់ ៧ជី បន្ដោងមានត្បូងពេជ្រតំលៃជិត ២ ០០០ដុល្លារ។

លោក គាន់ ឌីណា អធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌ បានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ និងមិត្តភ័ក្រជិះម៉ូតូឌុបគ្នាទៅផឹកកាហ្វេ ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យ ៦នាក់ខាងលើ ជិះម៉ូតូ ៣គ្រឿង ធ្វើសកម្មភាពឆក់ខ្សែកជនរងគ្រោះបានសម្រេចរួចគេចខ្លួន។

ពេលនោះជនរងគ្រោះ ដេញតាមពីក្រោយស្រែកចោរៗ ក៏មានសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលព្រែកថ្មី ល្បាតក្បែរនោះដេញតាមដល់ក្នុងដីឡូត៍ក្បែរនោះ ក៏ជនសង្ស័យដួលម៉ូតូជ្រុះបាត់ខ្សែកជនរងគ្រោះមិនដឹងនៅកន្លែងណា រួចជនសង្ស័យបានលោតចូលក្នុងទឹកបឹងក្រោយមក ក៏បានសុំកម្លាំងអន្តរាគមន៍ព្រហ្មទណ្ឌខណ្ឌ ចុះសហការរយៈពេល១ម៉ោងទើបឃាត់ខ្លួនបាន។ បច្ចុប្បន្នជនសង្ស័យបានបញ្ជូលទៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីកសាងសំណុំរឿងទៅតុលាការចាត់ការតាមនីតិវិធី៕

