ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារប្រវែង១១៣១ម៉ែត្រ ទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់បើកឱ្យជាបណ្តោះអាសន្នពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីសម្រួលដល់ការដឹកជញ្ជូន និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ

ខេត្តកំពង់ចាម-ត្បូងឃ្មុំ៖ ថ្ងៃអង្គារ ១០កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូ និងអ្នកជំនាញបច្ចេកទេសក្រសួង អញ្ជើញចុះពិនិត្យលទ្ធភាពសម្រាប់ដាក់ឱ្យដំណើរការជាបណ្តោះអាសន្នស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ តំណាងក្រុមហ៊ុនសាងសង់ តំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស អាជ្ញាធរដែនដី និងភាគីពាក់ព័ន្ធផងដែរ។

ស្ពាននេះឆ្លងកាត់ទន្លេមេគង្គតភ្ជាប់រវាងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ និងស្រុកស្ទឹងត្រង់ខេត្ត កំពង់ចាមសាងសង់ឡើងដោយក្រុមហ៊ុនសាងសង់សំណង់សៀងហៃគ្រុប ខូអិលធីឌី ត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនក្វាងចូវវ៉ានអាន មានប្រវែងសរុបចំនួន១១៣១ម៉ែត្រ ទទឹង១៣,៥ ម៉ែត្រ (ក្នុងនោះមានគន្លងផ្លូវរថយន្ត៣,៥មx២ គន្លងទោចក្រយានយន្ត១,៩មx២ គន្លងផ្លូវថ្មើរជើង១,១មx២+០,២៥មx២ (បង្កាន់ដៃ) ជាប្រភេទស្ពានបេតុងសរសៃដែក ឬបេតុងអាមេ មានបំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ និងបង្គោលភ្លើងបំភ្លឺស្ពាន មានសាងសង់រង្វង់មូលមួយកន្លែងនៅត្រើយខាងលិចផងដែរ។

គម្រោងសាងសង់ស្ពានស្ទឹងត្រង់-ក្រូចឆ្មារដែលជាគម្រោងស្ពានមិត្តភាពកម្ពុជាចិនទី៨ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ គ្រោងចំណាយថវិកាប្រមាណ៥៨,៤២លានដុល្លារអាមេរិក រយ:ពេលសាងសង់ចំនួន៤២ខែ ជាគម្រោងហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលចិន និងថវិកាបដិភាគពីរាជរដ្ឋាភិបាលកម្ពុជា គិតរហូតមកទល់ពេលនេះការសាងសង់សម្រេចបាន១០០%ហើយ។

គួរកត់សម្គាល់ផងដែរថា ស្ពាននេះនឹងជួយទាញភូមិសាស្រ្តរវាងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំឱ្យកាន់តែកៀកចូលជិតគ្នា ជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ បម្រើដល់ការដឹកជញ្ជូនទំនិញកសិផលទៅកាន់ទីផ្សារ ទាក់ទាញការវិនិយោគ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសចូលរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ចជាតិបានមួយកម្រិតថែមទៀត។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននាឱកាសចុះពិនិត្យស្ពាននេះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានជម្រាបជូនថា តាមគម្រោងស្ពាននេះនឹងត្រូវបើកសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៤ ខែមីនាឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃស្អែកនេះ ប៉ុន្តែដោយសារព្រឹត្តិការណ៍២០កុម្ភៈ ទើបមានការលើកពេលវេលានៃការសម្ពោធបើកប្រើប្រាស់ជាផ្លូវការ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនថា ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងដើម្បីគោរពស្នើទៅសម្ដេចនាយករដ្ឋមន្ត្រី សុំបើកស្ពាននេះឱ្យប្រជាពលរដ្ឋប្រើប្រាស់ជាបណ្ដោះអាសន្នដើម្បីសម្រួលដល់ការដឹកជញ្ជូន និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខ៕ អរគុណសន្តិភាព










