ក្រុមគ្រូពេទ្យ បានចុះយកអ្នកសង្ស័យដែលមានកូវីដ-១៩ ចំនួន៤នាក់ ( ស្រី ចំនួន២នាក់ កុមារ ចំនួន ២នាក់ អាយុ២ឆ្នាំម្នាក់ និងអាយុ៨ឆ្នាំម្នាក់ ) នៅសង្កាត់ផ្សារថ្មីទី២
ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ១០កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០៩:០០នាទី ក្រោមការបញ្ជាផ្ទាល់ពីលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ លោក ម៉ុក ច័ន្ទករុណា អភិបាលរង បានដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ សម្របសម្រួលជូនក្រុមគ្រូពេទ្យ ខាងមន្ទីរពេទ្យក្រុង ចុះយកអ្នកសង្ស័យដែលមានកូវីដ ចំនួន៤នាក់ ( ស្រី ចំនួន២នាក់ កុមារ ចំនួន ២នាក់ អាយុ២ឆ្នាំម្នាក់ និងអាយុ៨ឆ្នាំម្នាក់ ) ដែលពាក់ព័ន្ធនិង ព្រឹត្តិការណ៍២០កុម្ភៈ ផ្ទះលេខ៩៤E៤ មហាវិថីព្រះមុនីវង្ស សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ យកទៅមន្ទីរសម្ភពក្រុង។
រហូតមកដល់ម៉ោង ០៧:០០នាទីព្រឹក ថ្ងៃទី២៣ ខែមិនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានប្រកាសពីការរកឃើញករណីជំងឺកូវីដ-១៩ សរុបចំនួន ៣៥នាក់ (ឆ្លងសហគមន៌ ៣៣នាក់និង នាំចូល ២នាក់) មានជាសះស្បើយ ៣២នាក់ ។
ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកើនឡើង ១៧៨៨នាក់ ចំនួនសំរាកពេទ្យ ៧៨៣នាក់ និងចំនួនជាសះស្បើយសរុបកើន ៩៩៩នាក់ និង ស្លាប់ថ្មី ១ សរុបស្លាប់ ៥នាក់ ។
ដូច្នេះសូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ព្រោះប្រទេសយើងកំពុងរាត្បាតក្នុងសហគមន៍ហើយ និងប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយ យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកពីគ្នាគម្លាតពីគ្នា និងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ នាយកដ្ឋានប្រយុទ្ធនឹងជម្ងឺឆ្លង សហាការជាមួយក្រសួងសុខាភិបាល បានធ្វើតេស្តចំនួន ៦៤០៩០៤ ស្មើនឹង ៣៨១៤៩ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115 ៕ អរគុណសន្តិភាព