អភិបាលខេត្តកំពតប្រាប់មន្ត្រីជំនាញនិងអាជ្ញាធរ ត្រៀមរៀបចំការងារចាក់វ៉ាក់សាំងកូវីដ.១៩ជូនពលរដ្ឋទូទៅឲ្យបានល្អប្រសើរ
ខេត្តកំពត៖ ដើម្បីឲ្យការចាក់វ៉ាក់សាំងកូវីត.១៩ ជូនប្រជាពលរដ្ឋទូទៅនាពេលខាមុខ ប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលល្អប្រសើរ តាមផែនការគ្រោងទុករបស់រាជរដ្ឋាភិបាល ។ អភិបាលខេត្តកំពតបានប្រាប់ដល់មន្ត្រីមន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរ ត្រូវរួមសហការគ្នាក្នុងការរៀបចំផែនការចាក់វ៉ាក់សាំងឲ្យបានច្បាស់លាស់ និងមានភាពងាយស្រួល។
ថ្លែងក្នុងកិច្ចប្រជុំ អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីត១៩ ក្នុងក្របខណ្ឌទូទាំងខេត្ត កាលពីរសៀលថ្ងៃទី២២ ខែមីនាឆ្នាំ២០២១ ឯកឧត្តមជាវ តាយ អភិបាលខេត្តកំពត បានលើកឡើងថា តាមផែនការរបស់ប្រមុខរាជរដ្ឋាភិបាល បានកំណត់ការចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋដោយស្ម័គ្រចិត្ត និងឥតគិតថ្លៃក្នុងក្របខ័ណ្ឌទូទាំងប្រទេស ឱ្យបាន ១០លាននាក់នាពេលខាងមុខឆាប់ៗនេះ។ និយាយដោយឡែក សម្រាប់ការចាក់វ៉ាក់សាំងកូវីត១៩ ក្នុងក្របខ័ណ្ឌទូទាំងខេត្តកំពតក្នុងជំហ៊ានទី២ ដែលត្រូវអនុវត្តនាពេលខាងមុខនេះ ដើម្បីឱ្យទទួលបានលទ្ធផលជោគជ័យ គឺចាំបាច់ត្រូវត្រៀមលក្ខណៈការងាររៀបចំធ្វើផែនស្ថិតិ ទិន្នន័យ ឲ្យបានជាក់លាក់ច្បាស់លាស់ពាក់ព័ន្ធជាមួយ នឹងការងារដ៏សំខាន់នេះ។
ឯកឧត្តមអភិបាលខេត្ត បានស្នើឲ្យភាគីពាក់ព័ន្ធ ពិសេសមន្ទីរសុខាភិបាល និងអាជ្ញាធរក្រុង ស្រុកត្រូវ រួមសហការគ្នា យកចិត្តទុកដាក់អនុវត្តឲ្យបានល្អ ៖
ទី១-សូមឱ្យរៀបចំធ្វើផែនការស្ថិតិប្រជាពលរដ្ឋដែលពាក់ព័ន្ធ តាមភូមិ ឃុំ សង្កាត់ ក្នុងទូទាំងក្រុង ស្រុកនីមួយៗ ហើយនៅតាមមន្ទីរ អង្គភាព ស្ថាប័នក៏ត្រូវមានស្ថិតិឲ្យច្បាស់លាស់ផងដែរ ដើម្បីធានាថាការចាក់វ៉ាក់សាំងកូវីដ១៩ ត្រូវបានផ្តល់ជូនគ្រប់សមាសភាព និងប្រជាពលរដ្ឋតាមដំណាក់កាលអាទិភាពមួយៗ ផ្អែកតាមគោលការណ៍របស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីត១៩។
ទី២-សូមឲ្យមន្ទីរសុខាភិបាល និងអាជ្ញាធរក្រុង ស្រុកយកចិត្តទុកដាក់សហការគ្នារៀបចំធ្វើផែនការ ស្ថិតិមុខព្រួញប្រជាពលរដ្ឋដែលជាអទិភាពទទួលវ៉ាក់សាំង តាមគោលការណ៍ណែនាំរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩។
តាមទិន្នន័យស្ថិតិមូលដ្ឋានប្រជាសាស្រ្តកឆ្នាំ២០២០ ពលរដ្ឋសរុបចំនួនទូទាំងខេត្តកំពតមានចំនួនសរុប ៦៩៧.៧៩២នាក់ ក្នុងនោះមនុស្សក្មេងស្រីចាប់ពីអាយុសូន្យឆ្នាំដល់ ១៧ឆ្នាំ មានចំនួន ១២៤.២៨៨នាក់, ក្មេងប្រុសចាប់ពីអាយុសូន្យឆ្នាំដល់ ១៧ឆ្នាំ មានចំនួន ១២២.៤៣៣នាក់។ មនុស្សស្រីចាប់ពីអាយុ១៨ឆ្នាំដល់ ៦០ឆ្នាំ មានចំនួន ១៩២.២៥៦នាក់ មនុស្សប្រុសចាប់ពីអាយុ១៨ឆ្នាំដល់អាយុ៦០ឆ្នាំមានចំនួន ១៨០.២៣៦នាក់ មនុស្សស្រីចាប់ពីអាយុ ៦១ឆ្នាំឡើងមានចំនួន ៤១.៨៨៧នាក់ មនុស្សប្រុសចាប់ពីអាយុ ៦១ឆ្នាំឡើងមានចំនួន៣៦.៧២២នាក់ ៕