សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបឯកអគ្គរដ្ឋទូតថ្មីសិង្ហបុរីប្រចាំកម្ពុជា

ភ្នំពេញ៖ នៅវិមានសន្តិភាព ព្រឹកថ្ងៃអង្គារ ១០កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី២៣ ខែ មីនា ឆ្នាំ២០២១ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ ទាវ ឡាយចេង (Teo Lay Cheng) ឯកអគ្គរដ្ឋទូតថ្មីរបស់សិង្ហបុរីប្រចាំនៅ ព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងជំនួបព្រឹកមិញនេះ លោកជំទាវ Teo Lay Cheng បានគោរពអរគុណ សម្ដេចតេជោ​នាយករដ្ឋមន្ត្រីថា ដែលបានផ្តល់កិត្តិយសអោយលោកជំទាវបានចូលជួប​ក្នុងពេលដែល​លោកជំទាវត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីរបស់ប្រទេសសិង្ហបុរីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
លោកជំទាវក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូន សម្ដេចតេជោនាយក​រដ្ឋ​មន្រ្តី ដែលបានឆ្លៀតពេលវេលាដ៏មមារញឹកនេះទទួលលោកជំទាវ។ ជាមួយគ្នានោះដែរលោកជំទាវក៏បានគោរពសំដែងនូវការអបអរសាទរជូនដល់សម្ដេចតេជោដែលបានដឹកនាំកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍ បានយ៉ាងឆាប់រហ័សជាទីបំផុតដែលធ្វើ​ឲ្យ​កម្ពុជា​មានកំណើនសេដ្ឋកិច្ចជាច្រើនឆ្នាំមកហើយ។ រីឯការកាត់បន្ថយភាពក្រីក្រក៏មានល្បឿនលឿនគួរអោយកត់សម្គាល់ផងដែរ។


ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ លោកជំទាវ បានមានប្រសាសន៍ថា កម្ពុជា សិង្ហបុរី មានទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អ ក្នុងនោះរួមទាំងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ បច្ចេកទេស និងវិស័យអភិវឌ្ឍន៍ធនធានមនុស្ស ។ ទោះជាយ៉ាងណាក៏ដោយ លោក​ជំទាវបានមានប្រសាសន៍ថា ប្រទេសយើងទាំងពីរនៅមានសក្ដានុពលច្រើនទៀត។
នៅក្នុងបេសកកម្មរបស់លោកជំទាវមកកាន់ព្រះរាជាណាចក្រកម្ពុជាពេលនេះ លោកជំទាវ​នឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំនិងរីកចម្រើនឡើងថែមទៀត។


សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានស្វាគមន៍ និងអបអរសាទរជូនចំពោះលោក​ជំទាវ Teo Lay Cheng ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញ​សមត្ថភាព​របស់ប្រទេសសិង្ហបុរីប្រចាំនៅកម្ពុជា។ សម្ដេចតេជោបានយល់ស្របជាមួយនឹងការវាយតម្លៃរបស់លោកជំទាវពាក់ព័ន្ធនឹងទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ។ ក្នុងនោះ សម្ដេចតេជោក៏បានមានប្រសាសន៍បញ្ជាក់បន្ថែមថា ទំនាក់ទំនងរបស់ប្រទេសយើងទាំងពីរគឺមានជាយូរលង់ណាស់មកហើយ ដែលចាប់ផ្ដើម​តាំងពីប្រទេសសិង្ហបុរីបានទទួលឯករាជ្យដោយបានភ្ជាប់ទំនាក់ទំនងការទូតជាមួយនឹងកម្ពុជាតាំងពីពេលនោះមក ។

សម្ដេចតេជោ ក៏បានមានប្រសាសន៍បន្ថែមដែរថាជំងឺកូវីដ- ១៩ បានបំផ្លាញយើងគ្រប់គ្នាដោយបានដាក់គម្លាតឲ្យយើងនៅឆ្ងាយពីគ្នា មិនតែប៉ុណ្ណោះទេ ថែមទាំង​ឲ្យយើងពាក់ម៉ាសនៅពេលសន្ទនាជាមួយគ្នាទៅវិញទៅមកទៀតផង។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ សម្ដេចតេជោបានមានប្រសាសន៍ថា យើងត្រូវតែជំនះនូវ​បញ្ហា​នេះ គឺយើងត្រូវបន្តជំរុញទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ និងជំរុញការអនុវត្តរាល់​កិច្ចព្រមព្រៀង និងអនុស្សារណៈទាំងឡាយដែលបានចុះហត្ថលេខាកន្លងមក និងបន្ថែមជា​មួយនូវកិច្ចសហប្រតិបត្តិការផ្សេងៗជាច្រើនទៀតស្របតាមសក្កានុពលដែលប្រទេសយើងទាំងពីរមាន គឺយើងត្រូវខិតខំធ្វើ ទោះបីយើងត្រូវអនុវត្តការងារនេះតាមគន្លង បែបថ្មីដូច​សព្វថ្ងៃ​យ៉ាងណាក៏ដោយ។
មុននឹងបញ្ចប់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុចា បានជូនពរលោកជំទាវ Teo Lay Cheng ទទួលបានជោគជ័យក្នុងបេសកកម្មការទូតនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង