ព្រឹកនេះ អគ្គិភ័យឆេះរោងចក្រខ្សែភ្លើងឃ្យុងស៊ីង ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស (7NG) ភូមិវិហារសួគ៌

ខេត្តកណ្តាល៖ នាព្រឹកថ្ងៃពុធ ១១កើត ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ០៨:០០នាទី មានករណីអគ្គិភ័យឆេះរោងចក្រខ្សែភ្លើងឃ្យុងស៊ីង ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស (7NG) ភូមិវិហារសួគ៌ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
សូមជំរាបជូនថា រោងចក្រមាននោះមានទំហំ ១២០គុណនឹង៨០ម៉ែត្រ ដែលភ្លើងបានឆេះរោងបាយកម្មករទំហំបណ្ដោយ ៨០គុណនឹង១៥ម៉ែត្រ ។

ក្នុងករណីនេះបណ្ដាលឲ្យមានកម្មករ ១នាក់ រងរបួសស្រាល ឈ្មោះ ភឹម រដ្ឋា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ជាកម្មករផ្នែកជាង ។

ទំហំនៃការខូចខាតសំភារៈរួមមាន ម៉ាស៊ីនភ្លើងធំចំនួន ១គ្រឿង ម៉ាស៊ីនស្កេនក្រយ៉ៅដៃចំនួន ១៥គ្រឿង និងតុបាយ កៅអី កង្ហាមួយចំនួន ។

ម្ចាស់រោងចក្រឈ្មោះ ចាង សាងហូ ភេទប្រុស អាយុ៤៦ឆ្នាំ ជាជនជាតិកូរ៉េខាងត្បូង ហើយកម្មកររោងចក្រមានចំនួន ១៦៧៥នាក់ ស្រី ១៣១៨នាក់ ដែលកំពុងធ្វើការងារ ។

មូលហេតុនៃការឆេះ ដោយសារផ្ទុះសេខ្សែរភ្លើងនៅក្បែររោងបាយហើយបានឆាបឆេះផ្នែករោងម៉ាស៊ីនរហូតដល់រោងបាយតែមិនឆេះចូលកន្លែងកម្មករធ្វើការឡើយ ។

សមត្ថកិច្ចជំនាញពន្លត់អគ្គីភ័យបានប្រើរថយន្តពន្លត់អគីភ័យស្រុកខ្សាច់កណ្ដាលចំនួន ១គ្រឿង និងរថយន្តទឹក(7NG) ចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២៥ម៉ែត្រគូប ៕ ប្រភព នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ
