ព្រឹកស្អែកនេះ វ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ១.៥លានដូស នឹងមកដល់កម្ពុជា

ភ្នំពេញ៖ វ៉ាក់សាំងកូវីដ១៩ ស៊ីណូវ៉ាក់ (Sinovac) របស់ចិន ប្រមាណជា ១.៥លានដូសនឹងមកដល់ប្រទេសកម្ពុជានៅព្រឹកថ្ងៃសុក្រទី២៦ ខែមីនា ឆ្នាំ ២០២១។ វ៉ាក់សាំងស៊ីណូវ៉ាក់នេះ គឺជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបង្កើនការចាក់ជូនប្រជាពលរដ្ឋក្នុងបេសកកម្មប្រយុទ្ធប្រឆាំងជំងឺកូវីដ.​១៩របស់ខ្លួន។
ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងតំណាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញទទួល​​​វ៉ាក់សាំង​នេះ ខណៈភាគីចិនតំណាងដោយ ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា អញ្ជើញប្រគល់វ៉ាក់សាំង ពិធីទទួល និងប្រគល់ នឹងធ្វើឡើងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
បើគិតចាប់តាំងពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ កម្ពុជា បានរកឃើញអ្នកកើតជំងឺកូវីដ១៩ សរុប ១ ៨៧២នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ១ ០៥៦នាក់ និងអ្នកកំពុងសម្រាក​​ព្យាបាលជំងឺចំនួន ៨០៩នាក់។
តាមការគ្រោងទុកវ៉ាក់សាំងស៊ីណូហ្វាមដែលជាជំនួយរបស់រដ្ឋាភិបាលចិន ប្រមាណជា៧០ ម៉ឺនដូសទៀត (៣០ម៉ឺនដូស សម្រាប់ក្រសួងការពារជាតិ និង៤០ម៉ឺនដូស សម្រាប់ក្រសួងសុខាភិបាល) នឹងមកដល់កម្ពុជានាពេលខាង មុខនេះ។
តាមរយៈវត្ថមានវ៉ាក់សាំងជាបន្តបន្ទាប់នេះ គេរំពឹងថា នឹងធ្វើឱ្យពលរដ្ឋកម្ពុជាទទួលវ៉ាក់សាំង ដើម្បីការពារជំងឺកូវីដ១៩ បន្ថែមមួយកម្រិតទៀត ហើយក៏រំពឹងថា នឹងរួមចំណែកធ្វើឱ្យកម្ពុជាទទួលបានជោគជ័យលើការ​ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង