ពេលនេះ កម្ពុជា បានទទួលវ៉ាក់សាំងកូវីដ-១៩ ស៊ីណូវ៉ាក់ (Sinovac) ចំនួន ១.៥លានដូសទៀតហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋយើង

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែមីនា ឆ្នាំ២០២១នេះ វ៉ាក់សាំងកូវីដ-១៩ ស៊ីណូវ៉ាក់ (Sinovac) របស់ចិនចំនួន ១.៥លានដូស បានដឹកមកដល់ប្រទេសកម្ពុជាយើងហើយ។ នេះគឺជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបង្កើនការចាក់ជូនប្រជាពលរដ្ឋក្នុងបេសកកម្មប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។
ពិធីប្រគល់ទទួលវ៉ាក់សាំងកូវីដ-១៩ នាព្រឹកមិញនេះ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងភាគីចិនតំណាងដោយឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ព្រមទាំងមានការចូលរួមពីមន្ត្រីនៃក្រសួងសុខាភិបាលផងដែរ។

វ៉ាក់សាំង Sinovac ដែលផលិតដោយក្រុមហ៊ុនចិន Sinovac Biotech មានលក្ខខណ្ឌប្រើប្រាស់ និងប្រសិទ្ធភាពមិនខុសប្លែកពីវ៉ាក់សាំង ស៉ីណូហ្វាម (Sinopharm) នោះទេ ហើយជីវិតវ៉ាក់សាំងថ្មីនេះ អាចប្រើប្រាស់បានក្នុងរយៈពេល៣៦ខែ ប៉ុន្តែក្រុមហ៊ុនណែនាំឱ្យចាក់ក្នុងរយៈពេល៦ខែ ដើម្បីកាន់តែទទួលបានប្រសិទ្ធភាព។

រាជរដ្ឋាភិបាលកម្ពុជា កំពុងចរចាដើម្បីទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ Sinovac ប្រមាណ៤លានដូសបន្ថែមទៀត ពីភាគីចិន ដើម្បីចាក់ជូនប្រជាពលរដ្ឋឥតគិតថ្លៃតាមផែនការ។ រាជរដ្ឋាភិបាលកម្ពុជា មានគម្រោងចាក់ជូនប្រជាពលរដ្ឋឱ្យបានរហូតដល់ជាង ១០លាននាក់ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព និងស្តារសេដ្ឋកិច្ចដែលរងផលប៉ះពាល់ឡើងវិញ។

ដើម្បីសម្រេចផែនការនេះ កម្ពុជាបានដាក់ចេញផែនការ និងកំពុងស្វះស្វែងរកវ៉ាក់សាំងជាបន្តបន្ទាប់ទៀតតាមរយៈប្រទេសជាមិត្ត និងតាមរយៈយន្តការខូវ៉ាក់ (Covax)។ ក្រៅពីវ៉ាក់សាំង Sinovac ដែលទើបមកដល់ ១.៥លានដូសនេះ តាមការគ្រោងទុកវ៉ាក់សាំងស៊ីណូហ្វាម (Sinopharm)ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ចំនួន ៧០ម៉ឺនដូសទៀត (៣០ម៉ឺនដូសសម្រាប់ក្រសួងការពារជាតិ និង ៤០ម៉ឺនដូស សម្រាប់ក្រសួងសុខាភិបាល) នឹងមកដល់កម្ពុជា នាពេលខាងមុខនេះផងដែរ៕








