អភិបាលខេត្តកំពង់ចាមចុះពិនិត្យគម្រោងរៀបចំកែលំអ មណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្តកំពង់ចាម (អតីតសណ្ឋាគារមេគង្គ) ក្លាយជាមន្ទីរពេទ្យសម្រាប់ពិនិត្យ និងព្យាបាលអ្នកជំងឺកូវីដ-១៩

ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានដឹកនាំក្រុមការងារខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីបច្ចេកទេស អញ្ជេីញចុះពិនិត្យគម្រោងរៀបចំកែលំអ មណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្តកំពង់ចាម (អតីតសណ្ឋាគារមេគង្គ) ក្លាយជាមន្ទីរពេទ្យសម្រាប់ពិនិត្យ និងព្យាបាលអ្នកជំងឺកូវីដ-១៩។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានមានប្រសាសន៍ថា ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលខេត្តកំពង់ចាមនឹងរៀបចំជួសជុលកែលម្អអតីតសណ្ឋាគារមេគង្គ ដែលបច្ចុប្បន្នយើងបានប្រើប្រាស់ជាមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្តឲ្យក្លាយជាមន្ទីរពេទ្យ សម្រាប់ព្យាបាបាលជំងឺកូវីដ ១៩ របស់ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ មានឈ្មោះថា « មន្ទីរពេទ្យមេគង្គកំពង់ចាម »។

គួរបញ្ជាក់ថា៖ បច្ចុប្បន្នក្នុងមន្ទីរពេទ្យខេត្តកំពង់ចាម មានសមត្ថភាពផ្ទុកអ្នកជំងឺមួយនេះ ចំនួនជាង ៦០ គ្រែ ដែលបច្ចុប្បន្ន មានកំពុងសម្រាកព្យាបាល ចំនួន ៧នាក់ ជាមួយគ្នានោះ គណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ក៏បាន និងកំពុងរៀបចំបន្ទប់សង្គ្រោះបន្ទាន់ បំពាក់សម្ភារៈជំនួយដកដង្ហើម និងតាមដានសញ្ញាជីវិត ចំនួន ១០គ្រែ ក្នុងមន្ទីរពេទ្យព្យាបាលជំងឺកូវីដ.១៩ ខេត្តកំពង់ចាម បន្ថែមទៀត៕






