កំហឹងមួយពេល ធ្វើឲ្យដាច់កប្រពន្ធ និងបន្សល់ក្មេងកំព្រា៣នាក់

ខេត្តកំពង់ឆ្នាំង៖ គ្រាន់តែប្រពន្ធធាក់មួយជេីងសោះ ប្តីបានក្លាយជាឃាតក យកកាំបិតអារកសម្លាប់ប្រពន្ធទាំងកណ្តាលយប់ ក្រោយពីគេចខ្លួនបានជាង២ខែ សមត្ថកិច្ចចាប់បានហើយកាលពីយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ដែលឃាតកជាប្តីបានយកកាំបិតអារកសម្លាប់ប្រពន្ធទាំងកណ្តាលយប់ នៅស្រុកទឹកផុសនោះ ពេលនេះសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឃាត់ខ្លួនបាននៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

ជនសង្ស័យជាឃាតកនេះមានឈ្មោះ ម៉ី ម៉ាប់ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិស្រែអ៊ុក ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ចំណែកជនរងគ្រោះមានឈ្មោះ អឿន រ៉េន ភេទស្រី អាយុ៣៣ឆ្នាំ ។

ជនសង្ស័យនិងជនរងគ្រោះ បានរស់នៅជាមួយគ្នាជាប្តីប្រពន្ធជាង១ឆ្នាំហើយ ដោយស្រ្តីរងគ្រោះជាស្ត្រីមេម៉ាយមានកូន២ ហើយក្រោយពីបានស្រឡាញ់គ្នាជាមួយជនសង្ស័យក៏មានកូនម្នាក់បន្ថែមទៀត ។
នៅមុនពេលកើតហេតុ គឺថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ប្តីប្រពន្ធទាំងពីរនាក់បានទាស់សម្តីគ្នានៅផ្ទះបងប្អូនខាងស្រីរងគ្រោះ ពេលនោះស្រ្តីរងគ្រោះបានគប់បុរសជាប្តីនិងទូរស័ព្ទ។ លុះដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ ពេលមកដល់ផ្ទះវិញនៅពេលយប់ជ្រៅ កូនតូចមានអាយុ១ខួបបានយំឃ្លានបៅ ហើយបុរសជាប្តីបានដាក់ទឹកដោះគោឲ្យកូនបៅ និងបាននិយាយប្រាប់ទៅកូនថា ចាប់ពីពេលនេះទៅ ប៉ាឈប់លែងបានបំបៅកូនទៀតហើយ ដោយសារម្តាយឯងមានប៉ាថ្មី ។

ស្រ្តីរងគ្រោះឮដូចនេះខឹង ក៏ស្ទុះមកធាក់ជនសង្ស័យជាប្តីមួយជើងដួលផ្ងារក្រោយ រួចស្រ្តីរងគ្រោះក៏ដេកដូចធម្មតាវិញ ដោយសារតែខឹងនឹងស្រ្តីរងគ្រោះធាក់ បុរសជាប្តីក៏ស្ទុះទៅយកកាំបិតដែលសៀតនឹងជញ្ជាំង យកទៅអារកស្រ្តីរងគ្រោះរហូតដល់ស្លាប់តែម្តង ។
ក្រោយពីសម្លាប់ជនរងគ្រោះរួច ជនសង្ស័យបានរត់គេចខ្លួនចេញ ពីខេត្តកំពង់ឆ្នាំង ទៅខេត្តផ្សេងទៀតដោយដេកតាមផ្ទះសំណាក់ ម្តងខេត្តនេះ ម្តងខេត្តនោះ រហូតដល់ថ្ងៃទី២៩ ខែមីនា ជនសង្ស័យបានវិលចូលមកខេត្តកំពង់ឆ្នាំងវិញ មកដេកនៅផ្ទះសំណាក់ក្នុងភូមិទួលក្រឡាញ់ សមត្ថកិច្ចដឹង ក៏បានដាក់កម្លាំងចាប់បានតែម្តង ៕
