អតីតមន្ដ្រីជាន់ខ្ពស់របស់អតីតគណបក្សសង្គ្រោះជាតិ និងអតីតយុវជនរបស់គណបក្សសង្រ្គោះជាតិ ប្រកាសសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន

ភ្នំពេញ៖ អតីតមន្ដ្រីជាន់ខ្ពស់របស់អតីតគណបក្សសង្គ្រោះជាតិម្នាក់ ដែលមានតួនាទីជាជំនួយការលោក សម រង្ស៉ី លោកស្រី ជូឡុង សូម៉ារ៉ា លោក យឹម សុវណ្ណ ព្រមទាំងជាអតីតប្រធានរដ្ឋបាលខុទ្ទកាល័យ លោក សម រង្ស៉ី បូករួមជាមួយ មនុស្សចំនួន ២នាក់ផ្សេងទៀត ជាអតីតយុវជនរបស់គណបក្សសង្រ្គោះជាតិ បានប្រកាសសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ។

នេះបើតាមការបញ្ជាក់ឲ្យដឹងពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សមាជិកគណកម្មាធិការកណ្ដាលគណបក្រប្រជាជនកម្ពុជានិងជាអុនប្រធានគណកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនជនកម្ពុជាថ្មីទាំងប៉ុន្មានរូបនេះនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញនារសៀលថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២១នេះ។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា អតីតមន្ដ្រីរបស់អតីតគណបក្សសង្គ្រោះជាតិ ទាំង៣នាក់នោះរួមមាន៖
ទី១.ឈ្មោះ ឃាន វិសេស អាយុ៣២ឆ្នាំ ដែលកាលនៅគណបក្សសង្គ្រោះជាតិមានតួនាទីជា ជំនួយការលោក សម រង្ស៉ី លោកស្រី ជូឡុង សូម៉ារ៉ា លោក យឹម សុវណ្ណ ព្រមទាំងជាអតីតប្រធានរដ្ឋបាលខុទ្ទកាល័យ លោក សម រង្ស៉ី ។

ទី២.ឈ្មោះ សៅ ឧសភា អាយុ២៧ឆ្នាំ អតីតយុវជនគណបក្សសង្គ្រោះជាតិ និងជាអនុប្រធានយុវជនស្រុកព្រៃនប់ ។

ទី៣.ឈ្មោះ យូ ច័ន្ទធានី អាយុ២៧ឆ្នាំ អតីតយុវជនគណបក្សគណបក្ស និងជាអតីតសមាជិកក្រុមហ្វេសប៊ុក សម រង្ស៊ី។

លោកបញ្ជាក់ផងដែរថា ការដែរបងប្អូនស្ម័គ្រចិត្តចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជានេះគឺបងប្អូនគិតបានត្រឹមត្រូវហើយ ព្រោះថា គណបក្សប្រជាជនកម្ពុជា មិនត្រឹមតែបានរំដោះប្រទេសជាតិចេញពីការកាប់សម្លាប់នោះទេ គឺបានធ្វើការអភិវឌ្ឍប្រទេសជាតិមួយនេះ ឲ្យមានការអភិវឌ្ឍរីកចម្រើន រហូតដល់សព្វថ្ងៃនេះថែមទៀត។
ឯកឧត្តម ឃួង ស្រេង បានបន្ថែមថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សស្នូល ក្នុងការបង្រួបបង្រួមជាតិ ស្វែងរកសន្តិភាព ហើយអ្វីៗដែលមាននៅសព្វថ្ងៃនេះ គឺជាសមិទ្ឋិផល នៃមរតកសុខសន្តិភាព និងការអភិវឌ្ឍ ដែលកើតឡើង ដោយការខិតខំប្រឹងប្រែង របស់ឥស្សរជនគណបក្សប្រជាជនកម្ពុជា។
ជាងនេះទៅទៀត ខណៈដែលប្រទេសជាតិកំពុងស្ថិតក្នុងគ្រោះថ្នាក់ដោយជម្ងឺកូវីដ-១៩នេះ សម្តេចតេជោនាយករដ្ឋមន្ត្រីនិងជាប្រធានគណបក្សប្រជាជនកម្ពុជាបានស្វះស្វែងរកគ្រប់មធ្យោបាយ ដើម្បីទិញយកវ៉ាក់សាំងមកចាក់ការពារជំងឺ-១៩ ដល់ជូនដល់បងប្អូនប្រជាពលរដ្ឋថែមទៀត។
ក្នុងឱកាសនោះដែរ ឯកឧត្តម ឃួង ស្រេងបានមានប្រសាសន៍ថា សម្រាប់ការបង្ការទប់ស្កាត់នូវជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ រដ្ឋបាលរាជធានីភ្នំពេញបានត្រៀមរួចហើយ នូវអង្ករប្រមាណ ១០ម៉ឺនតោន ដើម្បីទុកចែកជូនប្រជាពលរដ្ឋ ដែលរងគ្រោះ និងប្រជាពលរដ្ឋងាយរងគ្រោះ ក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវី-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ៕