ឧត្តមសេនីយ៍ទោ សេង ធារិន អញ្ជើញជាអធិបតីក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខឆ្នាំ២០២០ របស់តំបន់ប្រតិបត្តិការសឹករងបាត់ដំបង

ខេត្តបាត់ដំបង៖ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខឆ្នាំ២០២០ និងផ្សព្វផ្សាយផែនការសកម្មភាពការងារយោធាសន្តិសុខឆ្នាំ២០២១ របស់តំបន់ប្រតិបត្តិការសឹករងបាត់ដំបង ។

អញ្ជើញចូលរួមអមដំណើរមាន នាយសេនាធិការរង នាយការិយាល័យ នាយរងការិយាល័យ និងប្រតិភូអមដំណើរបណ្ដាការិយាល័យ តាមអង្គភាព ។

ក្នុងឱកាសបូកសរុប ឧត្តមសេនីយ៍ទោ សេង ធារិន បានធ្វើការកោតសរសើរដល់កម្លាំងប្រតិបត្តិការសឹករងបាត់ដំបង ដែលកន្លងមកបានប្រឹងប្រែងសម្រេចបានជោគជ័យគ្រប់ភារកិច្ចដែលថ្នាក់លើដាក់ជូនជាពិសេសគឺការទប់ស្កាត់ពលករដែលឆ្លងដែនខុសច្បាប់តាមបណ្ដាភូមិសាស្ត្រដែលខ្លួនទទួលខុសត្រូវមិនតែប៉ុណ្ណោះតំបន់ប្រតិបត្តិការសឹករងបាត់ដំបងបានចុះជួយសង្គ្រោះប្រជាពលរដ្ឋ ដូចជាករណីភ្លើងឆេះផ្ទះជាដើម ដែលបង្ហាញឱ្យមហាជនឃើញអំពីកម្លាំងពិតប្រាកដរបស់តំបន់ប្រតិបត្តិការសឹករងដែលមានសមត្ថភាពចុះជួយអន្តរាគមន៍គ្រប់យថាហេតុដែលកើតឡើងនៅក្នុងភូមិសាស្ត្រខ្លួនទទួលខុសត្រូវ រហូតមានការសរសើរមិនដាច់ពីមាត់ពីសំណាក់ប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្រដែលខ្លួនទទួលខុសត្រូវ។
លោកឧត្តមសេនីយ៍ទោ បានបន្តថា ដើម្បីបន្តនិរន្តរភាពក្នុងការដឹកនាំបញ្ជាឲ្យមានប្រសិទ្ធភាពកាន់តែខ្លាំងឡើង សាមីអង្គភាពត្រូវបន្តការប្រមូលផ្តុំហ្វឹកហ្វឺនបណ្ដុះបណ្ដាលជំនាញផ្សេងៗបន្ថែមទៀតសំដៅបង្កើនសមត្ថភាពឲ្យនាយទាហានវ័យក្មេងសម្រាប់បន្តវេននាថ្ងៃអនាគត ក្នុងឱកាសនេះលោកឧត្តមសេនីយ៍ទោ បានក្រើនរំឭកឲ្យកងកម្លាំងតំបន់ប្រតិបត្តិការសឹករងទាំងអស់ឡើងបញ្ជីឈ្មោះគ្រួសារទ័ពឲ្យបានទាន់ពេលវេលាសម្រាប់ឲ្យគណៈកម្មការរៀបចំចាក់ថ្នាំការពាររជំងឺកូវីដ-១៩ ជូនទាំងអស់គ្នា និងត្រូវបន្តធ្វើការផ្សព្វផ្សាយនិងរួមអនុវត្តឲ្យបានជាដាច់ខាតនូវវិធានការរបស់ក្រសួងសុខាភិបាលក៏ដូចជាបទបញ្ជារបស់សម្ដេចតេជោ ៣ការពារ ៣កុំ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ-១៩ កុំឱ្យមានការឆ្លងរាលដាលចូលក្នុងសហគមន៍ក៏ដូចជាភូមិសាស្ត្រដែលខ្លួនទទួលខុសត្រូវ ៕












