អាជ្ញាធរខណ្ឌឫស្សីកែវ និងខណ្ឌទាំង១៤ ក្នុងការអនុវត្តការងារ គឺមិនបានដកហូតមធ្យោបាយមករក្សាទុក និងម្ចាស់យានយន្តមកចត្តាឡីស័កនៅផ្ទះទេ

ភ្នំពេញ៖ អាជ្ញាធរខណ្ឌឫស្សីកែវ ក្នុងការអនុវត្តការងារ គឺមិនបានដកហូតមធ្យោបាយមករក្សាទុកនិងម្ចាស់យានយន្តមកចត្តាឡីស័កនៅផ្ទះទេ ហើយនៅបណ្តាខណ្ឌផ្សេងៗទៀតក៏មិនបានដកហូតមធ្យោបាយ មករក្សាទុកនិងឱ្យម្ចាស់យានយន្តទៅធ្វចត្តាឡីស័កនៅផ្ទះដែរ គឺកម្លាំងសមត្ថកិច្ច គ្រាន់តែចុះផ្សាយសារាចរណែនាំឱ្យបងប្អូនអនុវត្តវត្តបើគ្មានការចាំបាច់កុំចេញក្រៅផ្ទះ បើចេញត្រូវមានលិខិតបញ្ជាក់ពីក្រុមហ៊ុនឬស្ថាប័នរបស់ខ្លួន ។

ចំណែករថយន្តធំៗ រថយន្តដឹកទំនិញ បងប្អូនអញ្ជើញមកពេទ្យ រថយន្តរបស់អង្គទូតអនុញ្ញាតឲ្យធ្វើចរាចរជាធម្មតា។

ចំណែកខណ្ឌដង្កោវិញ គណៈបញ្ជាការបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោ ដឹកនាំដោយលោកស្រី គឹម ញឹប អភិបាលខណ្ឌ និងប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោ បានដាក់គោលដៅអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្ននូវការធ្វេីចរាចរណ៍ក្នុងភូមិសាស្រ្តខណ្ឌដង្កោនៅយប់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ នៅម៉ោង ២០:០០នាទី ។

ដោយឡែកគណៈបញ្ជាការឯកភាពខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាលខណ្ឌចំការមន និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌចំការមន បានបន្តចុះល្បាត និងអនុវត្តតាមខ្លឹមសារសេចក្ដីសម្រេចលេខ ០៦៨/២១ សសរ ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្ដីពីការអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្ម នៅក្នុងមូលដ្ឋានខណ្ឌចំការមន៕


