ឯកឧត្តមអភិបាលខេត្តកណ្តាល ដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្តប្រចាំខែមីនា

ខេត្តកណ្ដាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានថ្លែងនូវការកោតសរសើរ ដល់អាជ្ញាធរក្រុង-ស្រុក មន្ទីរពាក់ព័ន្ធនិងកងកម្លាំងទាំងអស់ ដែលបានខិតខំ សហការគ្នា ក្នុងការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ដោយគ្រប់ស្រុកទាំងអស់ អជ្ញាធរបានអនុវត្តតាមបទបញ្ជា និងការណែនាំរបស់ខេត្ត និងថ្នាក់ដឹងនាំបានយ៉ាងមានប្រសិទ្ធភាព ជាពិសេសបានខិតខំស្រាវជ្រាវស្វែងរកអ្នកដែលមានការពាក់ព័ន្ធក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ យកមកធ្វើចត្តាឡីស័កគ្រប់តាមការកំណត់ និងត្រឹមត្រូវតាមវិធានរបស់ក្រសួងសុខាភិបាល គ្រប់ក្រង-ស្រុក មានមណ្ឌលចត្តាឡីស័ក និងសម្ភារៈគ្រប់គ្រាន់ និងមានការគ្រប់គ្រងបានយ៉ាងល្អផងដែរ។

ការកោតសរសើរនេះបានធ្វើឡើង ក្នុងកិច្ចប្រជុំគណៈអភិបាលខេត្តកណ្តាល ប្រចាំខែមីនា នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ នៅសាលាខេត្តកណ្តាល ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត មន្ទីរជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្ដមអភិបាលខេត្ត បានណែនាំឲ្យអជ្ញាធរក្រុង-ស្រុកគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងពេលចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ ដោយត្រូវប្រជុំរៀបចំផែនការ សន្តិសុខសណ្តាប់ធ្នាប់ត្រៀមកម្លាំងដើរល្បាត និងផ្សព្វផ្សាយណែនាំប្រជាពលរដ្ឋត្រូវនៅតាមផ្ទះរៀងៗខ្លួន មិនឲ្យមានការប្រមូលផ្តុំ ជួបជុំមនុស្សច្រើន។

បន្ថែមពីលើនេះ ឯកឧត្តមអភិបាលខេត្ត បានលើកទឹកចិត្តដល់អជ្ញាធរមូលដ្ឋានត្រូវបំផុសឲ្យប្រជាលរដ្ឋចូលរួមអនុវត្ត វិធានអនាម័យតាមការការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសត្រូវអនុវត្តវិធានការ ៖ ៣ការពារ និង៣កុំ តាមការអំពាវនាវរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលឲ្យបានខ្ជាប់ខ្ជួន អជ្ញាធរត្រូវហាមដាច់ខាត់មិនឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងទៅស្រុកផ្សេង ឬធ្វើដំណើរឆ្លងខេត្តផ្សេងឡើយ ជាសវាងមានការផាកពិន័យផ្សេងៗ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំង និងបង្ការទប់ស្កាត់ជំងឺកូវីដ១៩ ដ៏កាចសាហាវនេះ។

ទន្ទឹមនឹងនេះដែរ ឯកឧត្តម ក៏បានណែនាំដល់អាជ្ញាធរក្រុង-ស្រុក និងមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ត្រូវពន្លឿនដល់ដំណើរការ នៃការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ដោយស្ម័គ្រចិត្ត និងឥតគិតថ្លៃ ជូនប្រជាពលរដ្ឋឲ្យបាន ឆាប់ចប់ នៅតាមមន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាពក្នុងមូលដ្ឋានដែលបានកំណត់។

សូមជម្រាបថា គិតត្រឹមថ្ងៃទី៥មេសានេះ ការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ក្នុងខេត្តកណ្តាល ជំហានទី២នេះ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបានចាក់បានជូនមន្ត្រី និងប្រជាពលរដ្ឋបានជាង១ម៉ឺននាក់រួចហើយ និងកំពុងតែបន្តចាក់ជូនប្រជាពលរដ្ឋជាបន្តបន្ទាប់ទៀតផងដែរ៕ អរគុណសន្តិភាព






