ទីលានកីឡាបម្រើដល់ការប្រកួតមួយចំនួនកំពុងសាងសង់ស្របគ្នា ក្រៅពីដំណើរការកីឡដ្ឋានធំដែលសម្រេចបាន ៩៥%

ភ្នំពេញ៖ ស្របពេលដែល កីឡដ្ឋានធំ (Main Stadium) នៃពហុកីឡដ្ឋានជាតិ មរតកតេជោ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កំពុងដំណើរការ សាងសង់ឆ្ពោះ ទៅបញ្ចប់នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្រៅ អំពីកីឡដ្ឋានធំ ដែលស្ថិតនៅក្នុង បរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ ក៏មានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទីលានប្រកួតមួយចំនួន ដើម្បីបំពេញបន្ថែមផងដែរ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំ ការប្រកួតកីឡា អាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ថ្លែងថា ក្រៅពីការសាងសង់កីឡដ្ឋានធំ ដែលកំពុងសម្រេចបាន ៩៥%ហើយនោះ គឺនៅផ្នែកខាងក្រៅ កីឡដ្ឋានធំ ក៏មានការសាងសង់ ទីលានកីឡាមួយចំនួនទៀត សម្រាប់បម្រើ ដល់ប្រភេទកីឡាក្នុងសាល ដូចជាកីឡាវាយកូនឃ្លីលើតុ វាយសី ហុកគី រួមទាំងទីលាន មួយចំនួនទៀត កំពុងត្រូវបានសាងសង់ បំពេញបន្ថែម ដើម្បីត្រៀមហេដ្ឋារចនាសម្ព័ន្ធ មួយភាគធំ ឲ្យបានរួចរាល់សម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា។

ដោយឡែក សម្រាប់ការសាងសង់ភូមិកីឡា (Sport Village) ក៏ត្រូវបានរៀបចំ ផងដែរ ដោយរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់សិទ្ធិឲ្យក្រុមហ៊ុន WorldBridge Sport Village ដែលការសាងសង់ បានចាប់ផ្តើមតាំងពីចុងឆ្នាំ២០២០កន្លងមក ជាមួយនឹងការពន្លឿននៃការសាងសង់ធ្វើយ៉ាងណាឲ្យទាន់ពេលវេលាតាមការគ្រោងទុក ដើម្បីត្រៀមទទួលប្រតិភូកីឡាស៊ីហ្គេម ដែលមានចំនួនចន្លោះពី៧,០០០នាក់ ទៅ ១០,០០០នាក់ ដែលភូមិកីឡានេះ គឺជាកន្លែងស្នាក់នៅ ហូបចុកផង រួមទាំងមានសាលខ្លះដែលអាចបម្រើដល់ការប្រកួតកីឡាខ្លះៗដែរ។

តាមផែនការរបស់ CAMSOC ដែលបានដាក់ចេញជាយុទ្ធសាស្ត្រនូវភាពលម្អិតពីមួយដំណាក់កាល ទៅមួយដំណាក់កាល ដែលសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ក៏ដូចជាឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ CAMSOC បានអនុម័តពីផែនការសកម្មភាពជំហានៗថាត្រូវអនុវត្តនូវកិច្ចការអ្វីខ្លះ។ ជាឆន្ទៈចម្បងៗ ក្រោយពីធូរស្រាលពីវិបត្តិជំងឺកូវីដ-១៩ភ្លាម កម្ពុជាយើង នឹងធ្វើការបណ្តុះបណ្តាលផ្នែកជំនាញ ដោយការបង្កើនគុណភាពបច្ចេកទេសរបស់កីឡាករ កីឡាការិនី គឺត្រូវការការប្រកួតឲ្យបានច្រើន។ ដូច្នេះយើងត្រៀមរួចហើយ ដោយសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីរៀបចំការប្រកួតជើងឯកអន្តរជាតិលើប្រភេទកីឡាមួយចំនួន ជាពិសេសគឺប្រភេទកីឡាប្រពៃណី និងប្រភេទកីឡាសក្តានុពលនានា សម្រាប់ឆ្នាំ២០២១នេះ ហើយដល់ឆ្នាំ២០២២ចាប់ផ្តើមសម្រុករៀបចំការប្រកួតកាន់តែច្រើន ប្រសិនបើស្ថានភាពវិបត្តិជំងឺកូវីដ-១៩ អំណាយផលល្អ ដោយត្រូវប្រកួតនៅពហុកីឡដ្ឋានជាតិមរតកតេជោផង និងនៅពហុកីឡដ្ឋានជាតិអូឡាំពិកផង ជាពិសេសនៅដើមឆ្នាំ២០២៣ ដែលជាឆ្នាំស៊ីហ្គេមលើកទី៣២ នៅកម្ពុជានោះគឺត្រូវការចាំបាច់នូវការប្រកួតកាន់តែច្រើនបន្ថែមទៀត។ ការប្រកួតនេះហើយ គឺជាការកំណត់នៃការវាស់ស្ទង់កម្រិតគុណភាព សមត្ថភាពរបស់កីឡាករ កីឡាការិនីពិតប្រាកដថាមានកម្រិតណា ក្នុងការប្រកួតប្រជែងមេដាយជូនជាតិ ក្នុងគោលដៅស៊ីហ្គេម ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រជាលើកដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា។ នេះជាការលើកឡើងបន្ថែមរបស់ឯកឧត្តមអគ្គលេខាធិការ។

សូមបញ្ជាក់ថា ពហុកីឡដ្ឋានជាតិមរតកតេជោ គឺជាកន្លែងប្រារព្ធពិធីបើក-បិទព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ក្នុងអំឡុងពាក់កណ្តាលឆ្នាំ២០២៣ ហើយហេដ្ឋារចនាសម្ព័ន្ធកីឡាដ៏ធំថ្មីទំនើបតាមបច្ចេកវិទ្យាចុងក្រោយរបស់ពិភពលោករបស់កម្ពុជាមួយនេះ ក៏ជាកន្លែងប្រកួតកីឡាភាគច្រើននៅទីនេះផងដែរ ខណៈការគ្រោងទុកការប្រកួតកីឡាផ្សេងៗទៀតគ្រោងនឹងរៀបចំការប្រកួតខ្លះនៅពហុកីឡដ្ឋានជាតិអូឡាំពិក រួមទាំងប្រភេទកីឡាមួយចំនួនទៀត ជាពិសេសគឺប្រភេទកីឡាលើទឹក ដូចជានៅខេត្តព្រះសីហនុ ប្រភេទកីឡាទ្រីយ៉ាត្លុង (ហែលទឹក-រត់ប្រណាំង-ជិះកង់) ដែលមានហេដ្ឋារចនាសម្ព័ន្ធអំណាយផលខ្លាំង នៅខេត្តកែបជាដើម៕