មន្ទីរសុខាភិបាលខេត្តរតនគិរីបានបើកដំណើរការទីតាំងចាក់វ៉ាក់សាំងទាំង១០កន្លែង ដែល៨ទីតាំងនៅតាមស្រុក និង ២ទីតាំងនៅក្នុងក្រុងបានលុង

ខេត្តរតនគិរី៖ នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ មន្ទីរសុខាភិបាលខេត្តរតនគិរី បានបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់លោកគ្រូ អ្នកគ្រូ ក្រុមប្រឹក្សាខេត្ត ស្រុក ក្រុងទាំង៩ មន្រ្ដីភូមិឃុំ និងមន្រ្ដីរាជការគ្រប់ស្ថាប័នទាំងអស់។ សូមបញ្ជាក់អោយដឹងផងដែរថា យុទ្ធនាការជំហានទី៣នេះ គឺចាប់ផ្ដើមចាប់ពីថ្ងៃទី១ខែមេសាឆ្នាំ២០២១ និងសម្រាប់អ្នកដែលមានអាយុ១៨ឆ្នាំឡើងទៅ ។

ទីតាំងចាក់មានចំនួន១០នៅទូទាំង៩ស្រុកក្នុងខេត្តរតនគិរីបានបើកដំណើរការចាក់គ្រប់ទីតាំង ដែលមានដូចជា ៖
-នៅមន្ទីរពេទ្យបង្អែកខេត្តមួយទីតាំង
-នៅមន្ទីរពេទ្យបង្អែកស្រុកបរកែវមួយទីតាំង
-នៅសាលមហោស្រពក្រុងបានលុងមួយទីតាំង និង៧ទីតាំងទៀត នៅតាមស្រុកទាំង៧ ។

លោកគ្រូពេទ្យ អ៊ូ ដេត ប្រធានកម្មវិធីចាក់ថ្នាំបង្ការ នៃមន្ទីរសុខាភិបាលខេត្ត បានអំពាវនាវឲ្យបងប្អូនមន្រ្ដីរាជការទាំងអស់អញ្ជើញមកទទួលយកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដើម្បីការពារខ្លួនឯង គ្រួសារ និងសហគមន៍របស់យើងទាំងមូល ។ លោកគ្រូពេទ្យ ក៏សូមការយោគយល់អធ្យាស្រ័យពីបងប្អូនប្រជាពលរដ្ឋគ្រប់រូប ដោយសារតែយុទ្ធនាការលើកនេះយើងធ្វើការចាក់ជូនមន្រ្ដីរាជការសិនតែប៉ុណ្ណោះ ។

ចំណែកបងប្អូនប្រជាពលរដ្ឋវិញ គឺយើងនឹងចាក់ជូននៅពេលក្រោយ នៅពេលដែលមានវ៉ាក់សាំងមកដល់ទៀត និងមានការណែនាំដោយក្រសួងសុខាភិបាលរួចរាល់ ហើយបងប្អូនសូមកុំភ្លេចអនុវត្តន៍នូវវិធានការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន គឺ៣ការពារ ៣កុំ ។

សូមបញ្ជាក់ផងដែរថាគិតចាប់ពីថ្ងៃទី០១ខែមេសា រហូតដល់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ ដោយយោងតាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តយុទ្ធនាការជំហានទី៣នេះ បានធ្វើការចាក់វ៉ាក់សាំង Sinovac ដុសទី១ ជូនដល់មន្រ្ដីរាជការ ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក គ្រូបង្រៀន និងស្ថាប័នមួយចំនួនទៀត ដែលមានអ្នកមកចុះឈ្មោះសរុប ១ ៤១៣នាក់ ក្នុងនោះស្រី ៣៤១នាក់ ចំពោះអ្នកដែលបានចាក់មានចំនួន ១ ២២៩នាក់ ក្នុងនោះស្រី ២៩៣នាក់ ចំពោះអ្នកដែលមិនបានចាក់មានចំនួន ១៨៧នាក់ ក្នុងនោះស្រី ៦៨នាក់ ៕




