ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ អញ្ជើញចុះត្រួតពិនិត្យគោលដៅបិទការធ្វើដំណើរឆ្លងខេត្តតាមក្រុងស្រុក ដែលជាប់ព្រំប្រទល់

ខេត្តកំពង់ធំ៖ នាថ្ងៃទី០៩ ខែមេសាឆ្នាំ២០២១នេះ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងសហការី អញ្ជើញចុះត្រួតពិនិត្យគោលដៅចរាចរណ៍បិទការ ធ្វើដំណើរឆ្លងខេត្ត តាមក្រុងស្រុកដែលមានព្រំប្រទល់ជាប់នឹងខេត្តកំពង់ចាម ខេត្តព្រះវិហារ ខេត្តសៀមរាប ខេត្តកំពង់ឆ្នាំង ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ តាមសេចក្ដីសម្រេចលេខ ៤៤ ស.ស.រ របស់រាជរដ្ឋាភិបាល ស្ដីពីការហាមឃាត់ ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេសជាបណ្ដោះ អាសន្នដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃជម្ងឺកូវីដ -១៩ រយៈពេល១៤ថ្ងៃ។

ជាមួយគ្នានោះដែរឯកឧត្តម សុខ លូ មានប្រសាសន៍លើកឡើងថា បន្ទាប់ពីទទួលបានសេចក្តីសម្រេចរបស់ រាជរដ្ឋាភិបាល រដ្ឋបាលខេត្តកំពង់ធំបានធ្វើការប្រជុំដាក់ផែនការណែនាំភ្លាមៗ ដោយអនុវត្តជាធរមានចំពោះសេចក្តីសម្រេចនេះ ចាប់ពីម៉ោងសូន្យនៃថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណងដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ពីភូមិសាស្រ្តនៃខេត្តមួយ ទៅភូមិសាស្ត្រនៃខេត្តមួយទៀត និងធ្វើការប្រជុំដាក់ផែនការជាបន្តបន្ទាប់ ដើម្បីអនុវត្តសេចក្តីសម្រេចនេះប្រកបដោយប្រសិទ្ធភាពនិងស្មារតីទទួលខុសត្រូវខ្ពស់ ។

ចំពោះការបិទចរាចរណ៍នេះគឺត្រូវបានអនុគ្រោះលើការធ្វើចរាចរណ៍ចំពោះរថយន្តដឹកទំនិញ រថយន្តសង្គ្រោះបន្ទាន់ រថយន្តពន្លត់អគ្គីភ័យ រថយន្តមន្ត្រីរាជការសាធារណៈទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិដែលចុះបំពេញបេសកកម្ម ឬមានលិខិតបញ្ជាក់ពីប្រធានអង្គភាព ឬរថយន្តអ្នកជំងឺដែលមានលិខិតបញ្ជាក់ពីមន្ទីរពេទ្យ។

ឯកឧត្តមអភិបាលខេត្តកំពង់ធំបន្ថែមទៀតថា សព្វថ្ងៃនេះព្រឹត្តិការណ៍ ២០ កុម្ភៈ នៃការឆ្លងជំងឺកូវីដ១៩ ចូលទៅក្នុងសហគមន៍ នៅមិនទាន់មានការធូរស្រាលនៅឡើយទេ ហើយថ្មីៗនេះ នៅក្នុងក្រុងភ្នំពេញ គឺមានការឆ្លងរីករាលដាលកាន់តែច្រើនឡើងថែមទៀត។

ហើយថ្ងៃនេះដែរ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានធ្វើការណែនាំបន្ថែមដល់កម្លាំងដែលកំពុងឈរជើងតាមគោលដៅ សូមអនុវត្តនូវកិច្ចការនេះឲ្យបានហ្មត់ចត់ ដូច្នេះសូមបងប្អូនមានការយោគយល់ និងអធ្យាស្រ័យ។

ជាមួយគ្នានោះដែរ ឯកឧត្តម សុខ លូ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅក្នុងដំណាក់កាលនេះប្រសិនបើមិនមានការចង់បាច់ទេ សូមកុំចេញក្រៅផ្ទះឲ្យសោះ និងសូមផ្អាកការធ្វើដំណើរកំសាន្តនៅគ្រប់ទីកន្លែងទាំងអស់។ ម្យ៉ាងវិញទៀតនៅថ្ងៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ សូមពុកម៉ែបងប្អូនលោកយាយលោកតា ដែលមានបំណងយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅទីវត្តអារាម សូមប្រកាន់ខ្ជាប់នូវវិធានការរបស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាល បីការពារ បីកុំ និងពីរចូលរួម ឲ្យបានខ្ជាប់ខ្ជួន ជាពិសេសរក្សានូវគម្លាតសុវត្ថិភាពបុគ្គល ត្រូវពាក់ម៉ាស នឹងយកទឹកអាកល់ ឬជែល យកតាមខ្លួនជានិច្ច ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩៕ ប្រភព រដ្ឋបាលខេត្ត




