Detail Top Banner

ស្ពាន​ព្រះ​មុនីវង្ស​ចាស់នឹងបេីកឱ្យធ្វេីចរាចរជាធម្មតាឡេីងវិញចាប់ពីម៉ោង ៦ព្រឹក​ថ្ងៃ​ទី​១០ ខែ​មេសា​នេះ​តទៅ​

ភ្នំពេញ​៖​ លោក​ សាំ​ ពិសិដ្ឋ​ នាយកមន្ទីរសាធារណការ​ និងដឹកជញ្ជូនរាជធានីភ្នំពេញ​ បានឱ្យ​ដឹង​ថា​ ចាប់ពីព្រឹកមកដល់ល្ងាចម៉ោង ១៨:00ថ្ងៃ​ទី៩ ខែ​មេសា​នេះ​ ស្ថានភាពចរាចរលើស្ពានព្រះមុនីវង្សថ្មីមានភាពល្អប្រសើរ មិនមានការកកស្ទះឡើយ។​ លោក​បន្តថា​ ខណៈពេល​នេះ​ ការដ្ឋានអ៊ុតកៅស៊ូស្រទាប់ទី១ លើស្ពានព្រះមុនីវង្សចាស់ បានបញ្ចប់ ១០០% ហើយការអ៊ុតកៅស៊ូស្រទាប់ទី២ នឹងបន្តចាប់ពីយប់នេះរហូតដល់ព្រឹកព្រលឹមនឹងបញ្ចប់ទាំងស្រុង។
លោក​ សាំ​ ពិសិដ្ឋ​ បាន​បញ្ជាក់​ថា​ ចាប់ពីថ្ងៃស្អែកព្រឹកថ្ងៃទី១០ ខែមេសា​ វេលាម៉ោង ៦:០០តទៅ ស្ពានព្រះមុនីវង្សចាស់ នឹងដាក់ឱ្យធ្វើចរាចរជាធម្មតាឡើងវិញ។
លោក​ប្រធាន​មន្ទីរ​សូមអរគុណចំពោះការយោគយល់អធ្យាស្រ័យពីបងប្អូន​ប្រជាពលរដ្ឋ​។
សូមបញ្ជាក់ថា​ រដ្ឋបាល​រាជធានីភ្នំពេញ​ បានចេញសេចក្តី​ជូន​ដំណឹង​ ស្តីពីការជួសជុលស្ពានព្រះមុនីវង្សចាស់ឆ្លងកាត់ទន្លេបាសាក់ ស្ថិតក្នុងភូមិ​សាស្ត្រ​ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ដែលរហូតមក​ដល់ពេលនេះបានបញ្ចប់ការជួសជុលកម្រាលថ្មើរជើង បង្កាន់ដៃស្ពាន និងកំពុងរៀបចំផ្លាស់ប្តូរបង្គោលភ្លើងបំភ្លឺផ្លូវចាស់ចេញ ដោយដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវថ្មីជំនួសវិញ។ ចំពោះមុខនេះការដ្ឋានបានដំណើរការជួសជុលកម្រាលស្ពាន ដោយត្រូវកាយបកកៅស៊ូចាស់ចេញ រួចអ៊ុតកៅស៊ូថ្មី ដែលការងារនេះចាំបាច់ត្រូវបិទចរាចរលើស្ពានព្រះមុនីវង្សចាស់ជាបណ្តោះអាសន្នរយៈពេល០៣ថ្ងៃ ចាប់ពីម៉ោង ០៨:០០នាទីព្រឹកថ្ងៃទី០៨ ខែមេសាដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១។
ផុតរយៈពេលនេះនឹងបើកចរាចរលើស្ពានព្រះមុនីវង្សចាស់ជាធម្មតាឡើងវិញ។
ក្រោយ​ពីមានការបិទស្ពានព្រះ​មុនីវង្ស​ចាស់​ ដេីម្បី​ជួសជុល​កែលម្អ​នេះ​ គេសង្កេតឃេីញមានការកកស្ទះ​ចរាចរ​ ជាពិសេស​នៅលេីផ្លូវ​ជាតិ​លេខ​១​ និង​ផ្លូវ​មួយចំនួននៅតំបន់នោះ​ ទេីប​ ឯកឧត្តម​​​ ឃួង​ ស្រេង​ អភិបាលរាជ​ធានី​ភ្នំពេញ​ បាន​ណែនាំ​ឱ្យរៀបចំដាក់សាឡង់ចម្លងកោះពេជ្រ-កោះនរាក្នុងពេលនេះ​ ដេីម្បី​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរនៅកន្លែងស្ពានដែលត្រូវជួសជុលនោះ ៕  by AKP
អត្ថបទដែលជាប់ទាក់ទង