អភិបាលរាជធានីបើកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរាជធានី បន្ទាន់ទាំងយប់តាមរយៈ video conference ដើម្បីពង្រឹងសន្តិសុខ និងការពង្រឹង ភូមិដ្ឋានដែលបានបិទខ្ទប់

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារាត្រី ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១នេះ បាននឹងកំពុងប្រជុំជាបន្ទាន់មួយ តាមរយៈ video conference ជាមួយអាជ្ញាធរខណ្ឌទាំង១៤ សមត្ថកិច្ចប៉ូលីសនិងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ពិសេស បងប្អូនប្រជាពលរដ្ឋនិងបងប្អូន កម្មករ កម្មការិនី ដែលត្រូវបានអាជ្ញាធរ បង្ខំចិត្តអោយបិទខ្ទុបភូមិដ្ឋាន ក្នុងរយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ ក្នុងព្រឹត្តិកាលសហគមន៍២០កុម្ភៈ។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីក្នុងកិច្ចប្រជុំនោះ បានស្នើឱ្យអាជ្ញាធរខណ្ឌពាក់ព័ន្ធនៅ តំបន់រាំងខ្ទុបទាំងអស់ មើលបងប្អូនប្រជាពលរដ្ឋកុំឱ្យដើររហេតរហូត តែកុំធ្វើហួសពីការកំណត់ និងការណែនាំរបស់រដ្ឋបាលរាជធានី ដូចជាការចេញចូល ទិញម្ហូបអាហារ ត្រូវកំណត់មុខសញ្ញាគាត់ឲ្យច្បាស់ ជាមួយនិងការថតរូបគាត់ទុក មានន័យថា ម្នាក់នេះចេញ ២ទៅ៣ថ្ងៃក្រោយត្រូវតែជាមនុស្សម្នាក់នេះ ជាអ្នកចេញទៅទិញបន្លែបង្ការត្រីសាច់។

ឯកឧត្តម ឃួង ស្រេង បន្តថា កម្លាំងដែលអនុវត្ត រាល់សកម្មភាពត្រូវរាយការណ៍ជាប្រចាំ មករដ្ឋបាលរាជធានីភ្នំពេញ។ ត្រូវពិនិត្យពីស្ថានភាពជាក់ស្តែង ចំពោះការនាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋ ពោលគឺត្រូវផ្តល់ជូនចំពោះប្រជាពលរដ្ឋដែលងាយរងគ្រោះជាងគេមុន។ បន្ថែមពីនេះ ការរក្សាគម្លាតសុវត្ថិភាព ក្នុងពេលចែកអំណោយត្រូវតែអនុវត្តអោយបានល្អប្រសើរ ។ នេះរឿងសំខាន់ដែលត្រូវធ្វើអោយខាងតែបាន។

គួរបញ្ជាក់ថា មកដល់ពេលនេះអាជ្ញាធររាជធានីភ្នំពេញបានបិទខ្ទុប ភូមិ សង្កាត់ជាច្រើន នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ ការរីករាលដាលជម្ងឺកូវីដ-១៩ ក្នុងព្រឹត្តិកាលសហគមន៍២០កុម្ភៈ ក្នុងនោះមានដូចជា ភូមិត្រពាំងថ្លឹង២ និងភូមិទួលពង្រ នៃសង្កាត់ចោមចៅទី១ ភូមិចំការឪឡឹក១ ភូមិប៉ប្រកខាងត្បូង ភូមិប៉ប្រកខាងជើង និងភូមិត្រពាំងល្វា១ នៃសង្កាត់កាកាបទី១ និងភូមិចំការឪឡឹក១ នៃសង្កាត់កាកាបទី២ ។ ភូមិចំការឳឡឹក២ ក្នុងសង្កាត់កាកាបទី២ ។

ខណ្ឌមានជ័យ មានភូមិទ្រា៤ ភូមិតំណាក់ធំ២ និងភូមិតំណាក់ធំ៣ នៃសង្កាត់ស្ទឹងមានជ័យ៣ សង្កាត់ស្ទឹងមានជ័យទី១ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យនិងខណ្ឌសែនសុខ មានភូមិទ្រុងមាន់សង្កាត់អូបែកក្អម ដែលជាភូមិនិងសង្កាត់ ដែលបានរីករាលដាលជម្ងឺកូវីដ-១៩ ក្នុងព្រឹត្តិកាលសហគមន៍២០កុម្ភៈ។

ភូមិដ្ឋានដែលបិទខ្ទុប់នេះហើយដែលអាជ្ញាធររាជធានីភ្នំពេញ អាជ្ញាធរខណ្ឌ សង្កាត់និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ត្រូវយកចិត្តទុកដាក់ឱ្យបានខ្លាំងខ្លាបំផុត ទាំងការអនុវត្តការធ្វើចត្តាឡីស័កឱ្យគ្រប់១៤ថ្ងៃ មិនឱ្យមានការជួបជុំ និងការប្រគល់អំណោយជូនពួកគាត់៕


