ការរដ្ឋានជួសជុលផ្លូវជាច្រើនកន្លែង ដែលមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត កំពុងមមាញឹក

ខេត្តរតនគិរី៖ បន្ទាប់ពីមន្ទីសាធារណៈការខេត្ត ធ្វើការថែទាំ កាត់ជួសជុល ផ្លូវជាច្រើនកន្លែងក្នុងខេត្តរួចមក។ បច្ចុប្បន្ន នៅមានការរដ្ឋាន ចំនួន៣កន្លែងទៀត ដែលមន្ទីរសាធារណៈការ កំពុងតែធ្វើការកាត់ជួសជុល រីសៀល (Reseal) គឺ ទីតាំងទី១.ត្រង់ចំណុចភ្នំវែង នៅចន្លោះពីស្រុកអូរជុំ ទៅស្រុកតាវែង, ទីតាំងទី២.​កំណាត់ផ្លូវ​ខេត្ត​លេខ ៣៧៨៨ ពីស្រុកបរកែវ ទៅស្រុកអណ្ដូងមាស និងទីតាំងទី៣.កំណាត់ផ្លូវជាតិលេខ​៧៨-៥ ពីផ្សារទំនើប​ស៊ីត្រា ដល់បឹងកំសាន្ត។


លោក សាយ សាមាន ប្រធានមន្ទីរសាធារណៈការខេត្តរតនគិរី បានឲ្យដឹងថា កំណាត់ផ្លូវលេខ ៣៧៨៨ ពីស្រុក​បរកែវ ទៅស្រុកអណ្ដូងមាស ដែលកំពុងធ្វើការងារ រីសៀល(Reseal) មានប្រវែង៦.២គីឡូម៉ែត្រ មាន​ទទឹង ៧ម៉ែត្រ ជាប្រភេទ DBST ។ ចំណែកកំណាត់ផ្លូវជាតិលេខ ៧៨-៥ ដែលកំពុងធ្វើការងារកាត់ជួសជុល ពីផ្សារទំនើបស៊ីត្រា ដល់បឹងកំសាន្ត មានប្រវែង ១៦៥០ម៉ែត្រ មានទទឹង ១៤ម៉ែត្រ ជាប្រភេទផ្លូវ DBST ។ ដោយឡែក ការរដ្ឋាន ដែលកំពុងសំរុកកាត់ជួសជុល គឺកំណាត់ផ្លូវជាតិលេខ៧៨-៥ ត្រង់ចំណុចភ្នំវែង នៅ​ចន្លោះ​ស្រុកអូរជុំ និងស្រុកតាវែង ដែលមានប្រវែង ៨គីឡូម៉ែត្រ និងទទឹង ៧ម៉ែត្រ ជាប្រភេទផ្លូវដីល្បាយថ្ម។


ជុំវិញការកាត់ជួសជុលផ្លូវលេខ៧៨-៥ នៅចំណុចភ្នំវែង លោក សាយ សាមាន ប្រធានមន្ទីរសាធារណៈការខេត្ត មិនបានបញ្ជាក់ពីថវិការត្រូវចំណាយនោះទេ លោកបញ្ជាក់ថា ចំពោះថវិកាត្រូវចំណាយ លើកលែងតែ​អធិការ​កិច្ច ទើបលោកបញ្ជាក់បាន។


ចំណែកលោក លឹម វិចិត្រ អនុប្រធានការិយាល័យសាធារណៈការ និងជាប្រធានការដ្ឋាន បានបញ្ជាក់ប្រាប់​អ្នកសារព័ត៌មានយើងថា ហេតុតែខាងមន្ទីរសម្រុកកាត់ជួសជុលផ្លូវ ៧៨-៥ នៅណុចភ្នំវែងខ្លាំងជាងគេ ពីព្រោះ​ផ្លូវនេះ ឆ្លងកាត់ភ្នំ និងជ្រោះ ជ្រលងជាច្រើន ធ្វើឲ្យរអិល ពិបាកក្នុងការធ្វើដំណើរយ៉ាងខ្លាំង ហើយការរដ្ឋាននេះ ចាប់ផ្ដើមកាត់ជួសជុលតាំងពីខែកម្ភៈ ឆ្នាំ២០២១ គម្រោងនេះខិតខំយ៉ាងណាឲ្យរួចរាល់​មុនពេលធ្លាក់ភ្លៀង។ លោកបានបញ្ជាក់ថា ផ្លូវលេខ៧៨-៥ ពីស្រុកអូរជុំ ទៅស្រុកតាវែងនេះ បានក្រាលជា​ផ្លូវកៅស៊ូ បានប្រវែងជាង ១០គីឡូម៉ែត្រហើយ នៅប្រមាណជាជាង ២០គីឡូម៉ែត្រទៀត ដល់ទីរួមស្រុកតាវែង ក៏ប៉ុន្តែគម្រោងផ្លូវនឹងត្រូវចាក់កៅស៊ូទាំងអស់នៅថ្ងៃអនាគត លោក ក៏សូមអំពាវនាវ ដល់ប្រជាពលរដ្ឋ ឲ្យមានការអធ្យាស្រ័យ ចូលរួមសហការជាមួយមន្ទីរសាធារណៈការ និងចូលរួមថែទាំផ្លូវក្នុងការប្រើប្រាស់​ផ្លូវនេះ​ទាំងអស់គ្នា។ ពីព្រោះការជួសជុលស្ថាបនាផ្លូវ តែងតែមានការប៉ះពាល់ក្បាលដីចំការ និងមែកចន្ទីរបស់ពួកគាត់ ម្យ៉ាងវិញទៀត សុំពួកគាត់កុំឲ្យលុបប្រឡាយទឹកសង្ខាងផ្លូវ នាំឲ្យស្ទះទឹក ហូរកាត់ថ្នល់ បណ្ដាលឲ្យខូចខាតផ្លូវ ហើយសុំឱ្យគាត់ដាក់ស្ពានឆ្លង ឬក៏ដាក់លូ។ លោកក៏សំណូមពរដល់ប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវនេះ សូមឲ្យ​ជួយថែរក្សាផ្លូវ កុំបើកបរលឿនហួសកំណត់ និងកុំដឹកលើសទម្ងន់ បណ្ដាលឲ្យខូចខាតផ្លូវ។ លោកបន្ថែមថា ផ្លូវនេះជា​គម្រោងថវិការជាតិ តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថ។


បើទោះជាយ៉ាង​ណា ប្រជាពលរដ្ឋក្នុងស្រុកតាវែង មានការត្រេកអរយ៉ាងខ្លាំង ក្នុងការជួសជុលកែសម្រួល​ផ្លូវជូន​ពួកគាត់ ក្នុងការធ្វើដំណើរ និងដឹកកសិផលទៅរកទីផ្សារ ក៏ប៉ុន្តែពួកគាត់ ក៏នៅបារម្មខ្លាចយ៉ាងខ្លាំង នៅពេល​ធ្លាក់ភ្លៀង ផ្លូវនេះនៅមិនទាន់រួចរាល់ ធ្វើឲ្យពួកគាត់កាន់តែពិបាកធ្វើដំណើរលើសកាលពី​មិនទាន់ជួសជុល​ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង