សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញទៅដល់ទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី ប្រកបដោយសុវត្តិភាព ដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានពិសេស ក្រៅផ្លូវការ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៤ មេសាស្អែក
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគណះ ប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញទៅដល់ទីក្រុងហ្សាការតា ប្រកបដោយសុវត្តិភាព កាលពីវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី២៣មេសា ដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានពិសេសក្រៅផ្លូវការ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៤ មេសាស្អែក។ នៅចំណតអាកាសយានដ្ឋានអន្តរជាតិ ស៊ូហ្កាណូ អាលតា វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោ និងគណះប្រតិភូជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ធស្នាលបំផុត ពីឯកឧត្តមប្រធានពិធីការក្រសួងកាសរបរទេសឥណ្ឌូនេស៊ី ឯកឧត្តម អ៊ាវ ហ៊ាង ឯកអគ្គរាជទូតរបស់ ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋឥណ្ឌូនេស៊ី ព្រមទាំងឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់ក្រសួងការបរទេសឥណ្ឌូនេស៊ី និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋឥណ្ឌូនេស៊ី ជាច្រើនរូប។ សូមបញ្ជាក់ដែរថា ក្រៅពីការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ពិសេសក្រៅផ្លូវការ ជាមួយនឹងបណ្តាមេដឹកនាំអាស៊ាន សម្តេចតេជោនាយករដ្ឋមន្រ្តី និងអញ្ជើញជួបពិភាក្សាទ្វេភាគី ជាមួយ ឯកឧត្តម យូកូ វីដូដូ ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី និងជាមួយឯកឧត្តមនាយករដ្ឋមន្រ្តីថ្មីវៀតណាម។ ចំពោះព័ត៌មានពិស្តារ ស្តីពីសកម្មភាពសម្តេចតេជោ នាយករដ្ឋមន្រ្តី អញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសក្រៅផ្លូវការ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី អ្នកយកព័ត៌មានពិសេសរបស់ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា នឹងធ្វើសេចក្តីរាយការណ៍ ជូនទស្សនាជាបន្តបន្ទាប់ទៀត។ សូមរងចាំតាមដានទស្សនាដោយមេត្រី ៕ ដោយ ទទក