នាយករដ្ឋមន្ត្រីជប៉ុនប្រកាសភាពអាសន្នជាលើកទី៣ ដើម្បីប្រឆាំងនឹងកូវីដ-១៩ នៅក្នុងទីក្រុងតូក្យូ និងតំបន់អូសាកា
(តូក្យូ)៖ នាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga នៅថ្ងៃសុក្រនេះបានប្រកាសភាពអាសន្នប្រឆាំងនឹងជំងឺ COVID-19 នៅក្នុងរាជធានីតូក្យូ និងបណ្តាខេត្តភាគខាងលិចដូចជា ខេត្តអូសាកា (Osaka) ខេត្តក្យូតុ (Kyoto) និងហ៊ីយ៉ូហ្គូ (Hyogo)។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃសុក្រ ទី២៣ ខែមេសា ឆ្នាំ២០២១។
ភាពអាសន្នដែលជាការប្រកាសលើកទី៣ នៅក្នុងប្រទេសអាស៊ីមួយនេះនឹងចូលជាធរមានចាប់ពីថ្ងៃអាទិត្យសប្តាហ៍នេះ ដល់ថ្ងៃទី១១ ខែឧសភា។
ភាពអាសន្ននេះមានគោលបំណងដើម្បីទប់ស្កាត់ការកើនឡើង នៃករណីឆ្លង COVID-19 ក្នុងឱកាសថ្ងៃឈប់សម្រាកសប្តាហ៍មាស ដែលនឹងមកដល់នៅសប្តាហ៍ក្រោយនេះ។
លោក Suga បាននិយាយយ៉ាងដូច្នេះថា «យើងត្រូវតែចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ក្នុងកំឡុងពេលថ្ងៃឈប់សម្រាកសប្តាហ៍មាស ដើម្បីធ្វើឲ្យវីរុសនេះឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់យើង»។
វិធានការរឹតត្បិតកាន់តែតឹងរឹងនឹងត្រូវដាក់ចេញឲ្យអនុវត្ត ដែលតម្រូវឱ្យភោជនីយដ្ឋាន និងរង្គសាលមិនត្រូវបម្រើគ្រឿងស្រវឹង ក៏ដូចជាបិទកន្លែងពាណិជ្ជកម្មសំខាន់ៗ។ ទន្ទឹមនឹងនេះ ភោជនីយដ្ឋាននឹងត្រូវស្នើសុំឲ្យបិទនៅត្រឹមម៉ោង ៨ ៈ០០យប់ ខណៈពេលដែលកន្លែងដែលផ្តល់សេវាកម្មខារ៉ាអូខេនឹងត្រូវបានស្នើសុំឲ្យបិទទាំងស្រុង។
ទោះបីស្ថានភាពអាសន្ននឹងមិនមានការបិទខ្ទប់ទាំងស្រង់ ដូចអ្វីដែលបានកើតឡើងនៅក្នុងប្រទេសមួយចំនួនក៏ដោយ ក៏ការជួបជុំដែលគ្នាច្រើន ឬព្រឹត្តិការណ៍ធំៗនឹងត្រូវបានហាមឃាត់ ខណៈសេវាកម្មរថភ្លើង និងរថយន្តក្រុងនឹងត្រូវបានស្នើសុំឱ្្យផ្អាកនៅដើមសប្តាហ៍ផងដែរ ជាមួយនឹងកាត់បន្ថយប្រតិបត្តិការដឹកជញ្ជូននៅចុងសប្តាហ៍ និងថ្ងៃវិស្សមកាល។
ចំណែកឯ ហាងលក់គ្រឿងបរិក្ខារពាណិជ្ជកម្មសំខាន់ៗ ដូចជាហាងលក់ទំនិញ និងផ្សារទំនើបក៏នឹងត្រូវស្នើសុំឲ្យបិទទ្វារដែរ ដោយទុកតែផ្នែកដែលលក់របស់របរដែលចាំបាច់ប្រើប្រាស់ប្រចាំថ្ងៃប៉ុណ្ណោះ៕