អំណោយសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តប្រគេនដល់វត្តចំនួន៤៦វត្តទៀតក្នុងគោលដៅចំនួន១៤២វត្តក្នុងរាជធានីភ្នំពេញ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទៅ២៣ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម ឆារស៏ វ៉ាន់ , ឯកឧត្តម សៅ ភិរុណ , លោក ជិន ប៊ុនធឿន និងលោកស្រី ស្បោង សំបូរ បានបន្តសកម្មភាពនាំយកអំណោយទេយ្យទានរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគេនដល់ព្រះសង្ឃក្នុងទីអារាមចំនួន៤៦វត្តបន្តទៀតក្នុងខណ្ឌច្បារអំពៅ និងខណ្ឌដង្កោ រាជធានីភ្នំពេញដែលជាថ្ងៃទី២ បន្ទាប់ថ្ងៃទី១ម្សិលមិញបានប្រគេនចំនួន៤១វត្ត។
ក្នុងពិធីប្រគល់អំណោយទេយ្យទាននេះផងដែរ ឯកឧត្តម តំណាងសម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតដល់ព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គទាំងអស់ដែលកំពុងទទួលរងផលប៉ះពាល់នូវការបិទខ្ទប់រាជធានីភ្នំពេញដោយសារជម្ងឺកូវីដ-១៩នាពេលនេះ។
ឯកឧត្តមតំណាងបានទូលប្រគេនព្រះសង្ឃគ្រប់ព្រះអង្គថា ក្នុងដំណាក់កាលដែលប្រទេសកម្ពុជាកំពុងឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ចូលក្នុងសហគមន៍ គឺតម្រូវឲ្យរាជរដ្ឋាភិបាលមានការបិទខ្ទប់ទីក្រុងភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវី-១៩ ។ ជាពិសេសអំឡុងពេលបិទខ្ទប់ដែលព្រះសង្ឃមិនអាចបិណ្ឌបាត្រចង្ហាន់បាន និងប្រជាពុទ្ធបរិស័ទក៏មិនអាចយកចង្ហាន់មកប្រគេនព្រះសង្ឃបានដែរនោះ ទើបសម្ដេចតេជោនាយករដ្ឋមន្ត្រី លោកបានគិតគូរអំពីទុក្ខ ការលំបាករបស់ព្រះសង្ឃគ្រប់ព្រះអង្គតាមទីអារាមនានាទូទាំងរាជធានីភ្នំពេញ ។ លើសពីនេះឯកឧត្តមតំណាងក៏បានទូលប្រគេនព្រះសង្ឃដើម្បីនាំនូវសារចូលរួមប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាលរបស់រាជរដ្ឋាភិបាល ជាពិសេសរួមអនុវត្តវិធានការ «៣ការពារ និង៣កុំ» ដេីម្បីការពារការចម្លងរីករាលដើរលេងជំងឺកូវីដ-១៩ នេះ។
ព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គតាមវត្តអារាមនីមួយៗ បានសំដែងនូវការអរព្រះគុណចំពោះសម្ដេចតេជោ និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ដែលតែងតែគិតគូរចំពោះការខ្វះខាតរបស់ព្រះសង្ឃតាមទីអារាមនានាក្នុងដំណាក់កាលដែលប្រទេសកម្ពុជាកំពុងជួបវិបត្តិនៃជម្ងឺកូវីដ១៩ ដូច្នេះហើយទីអារាមនីមួយៗក៏មានតួនាទីក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដផងដែរ។ ព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គបានប្រគេនពរសម្ដេចតេជោ និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន ចៀសផុតពីជម្ងឺទាំងឡាយទាំងពួង និងជោគជ័យក្នុងការដឹកនាំប្រទេសជាតិតទៅមុខទៀត។
សម្រាប់អំណោយជាទេយ្យទាននៅថ្ងៃទី២នេះ គឺបានប្រគេនដល់វត្តចំនួន៤៦វត្ត ដោយក្នុង១វត្តៗទទួលបាន ៖
១-អង្ករចំនួន ១តោនមាន ២០បេ(ក្នុង១បេមាន ៥០គីឡូក្រាម)
២-ត្រីខចំនួន ២កេសមាន ២០យួរ (ក្នុង ១យួរ មាន ១០កំប៉ុង)ស្មើ ២០០កំប៉ុង ២៤៨កេស
៣-មីជាតិចំនួន ២០កេស
៤- ទឹកផ្លែឈើគ្រប់មុខចំនួន ១០កេស (ក្នុង ១កេសមាន ២៤កំប៉ុង)
៥-ទឹកដោះគោខាប់ចំនួន ២កេស (ក្នុង ១កេស មាន ៤៨កំប៉ុង)
៦-កាហ្វេចំនួន ៥កញ្ចប់ធំ (ក្នុង ១កញ្ចប់ធំមាន ៥០កញ្ចប់តូច) ៧១០កញ្ចប់ធំ
៧-តែចំនួន ២គីឡូក្រាម ២៤៨គីឡូក្រាម
៨-ស្ករសចំនួន ១បេ(មាន ២៥គីឡូក្រាម)
៩-អំបិលចំនួន ១បេ(មាន ១០គីឡូក្រាម)
១០-ទឹកត្រីចំនួន ៥យួរ(ក្នុង ១យួរមាន ៦ដប)
១១-ទឹកស៊ីអ៊ីវចំនួន ៥យួរ (ក្នុង ១យួរមាន ៦ដប)
១២-ប៊ីចេងចំនួន ១បេ(មាន ២៥គីឡូក្រាម)៕