សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ធ្វើដំណើរវិលត្រឡប់មកកាន់មាតុប្រទេសវិញ​ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំកំពូលអាស៊ានពិសេសជាមួយមេដឹកនាំអាស៊ាន

នៅពេលនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ធ្វើដំណើរវិលត្រឡប់មកកាន់មាតុប្រទេសវិញ​ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំកំពូលអាស៊ានពិសេសជាមួយមេដឹកនាំអាស៊ាន ដែលបានប្រព្រឹត្តទៅនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃទី ២៤ ខែ មេសា ឆ្នំា២០២១។
ក្រៅពីកិច្ចប្រជុំកំពូលពិសេសជាមួយមេដឹកនាំអាស៊ាន ខ្ញុំក៏បានជួបប្រជុំទ្វេភាគីជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី និងជាមួយនាយករដ្ឋមន្ត្រីវៀតណាមផងដែរ។
នៅក្នុងកិច្ចប្រជុំពិសេសថ្ងៃនេះ មេដឹកនាំអាស៊ានបាននាំគ្នាពិភាក្សាទៅលើការជំរុញការកសាងសហគមន៍អាស៊ាន រួមទាំងគំនិតផ្ដួចផ្ដើមនានា ដើម្បីឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ-១៩ និងកិច្ចប្រឹងប្រែងដើម្បីស្ដារសេដ្ឋកិច្ច-សង្គមឡើងវិញ ទំនាក់ទំនងអាស៊ានជាមួយដៃគូរក្រៅតំបន់ និងការវិវត្តនៃស្ថានការណ៍អន្តរជាតិ និងក្នុងតំបន់ដែលជាផលប្រយោជន៍ និងការបារម្ភរួម។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានក្តីរីករាយចំពោះលទ្ធផលល្អនៃជំនួបប្រជុំពិសេសថ្ងៃនេះ ដែលបានពង្រឹងនូវសន្តិភាព ស្ថិរភាព និងវឌ្ឍនភាពក្នុងតំបន់ដែលជាបំណងប្រាថ្នានៃអាស៊ានទាំងមូល។
នៅពេលទៅដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញល្ងាចនេះ​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូនឹងផ្ដល់សំណាកដើម្បីពិនិត្យកូវីដ-១៩ តែម្ដង ហើយពេលទៅដល់គេហដ្ធាននឹងធ្វើចត្តាឡីស័កដើម្បីធានាសុវត្ថិភាពសុខភាព។
អរគុណបងប្អូនជនរួមជាតិដែលបានចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ ដោយបានរស់នៅក្នុងផ្ទះ និងអនុវត្តវិធានការការពារ​កូវីដ-១៩ បានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល និង រាជរដ្ឋាភិបាល៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង