Detail Top Banner

ក្រសួងពាណិជ្ជកម្ម រៀបចំសម្របសម្រួលផ្គត់ផ្គង់ស្បៀងគ្រឿងឧបភោគ បរិភោគ លក់ជូនប្រជាពលរដ្ឋដែលកំពុងជាប់ក្នុងតំបន់បិទខ្ទប់ នៅភូមិសាស្ត្ររាជធានី

ភ្នំពេញ៖ យោងតាមសេចក្ដីណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ដែលឱ្យក្រសួងពាណិជ្ជកម្ម រៀបចំសម្របសម្រួលផ្គត់ផ្គង់ស្បៀង និងគ្រឿងឧបភោគបរិភោគចាំបាច់លក់ជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់មួយចំនួនដែលស្ថិតនៅតាមបណ្ដោយផ្លូវ 2011 ដែលស្ថិតនៅសង្កាត់គោកឃ្លៀង ខណ្ឌសែនសុខរាជធានីភ្នំពេញ ខណៈពេលនៃការបិទខ្ទប់នេះ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ក្រសួងពាណិជ្ជកម្ម បានចុះលក់ស្បៀង និងគ្រឿងឧបភោគបរិភោគ ជូនប្រជាពលរដ្ឋដែលកំពុងជាប់ក្នុងតំបន់បិទខ្ទប់ នៅភូមិសាស្ត្ររាជធានីភ្នំពេញ។
ក្រសួងបានរៀបចំស្តង់លក់មួយចំនួន និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវទីផ្សារអនឡាញ shop.moc.gov.kh សម្រាប់លក់សាច់ អង្ករ មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ និងទឹកបរិសុទ្ធ ព្រមទាំងគ្រឿងឧបភោគបរិភោគចាំបាច់ផ្សេងៗ ជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់បិទខ្ទប់ ពិសេសប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម ដោយដឹកជញ្ជូនដល់មុខផ្ទះរបស់អ្នកទិញតែម្ដង។
ជាមួយគ្នានេះដែរ ក្រសួងក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្តវិធានការរបស់អាជ្ញាធរមូលដ្ឋាន ក្រសួងសុខាភិបាល និងបទបញ្ជារបស់រាជរដ្ឋាភិបាល ជាពិសេសវិធានការ ៣កុំ និង ៣ការពាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺ​កូវីដ-១៩។
ការទិញរបស់ប្រជាពលរដ្ឋ ក្រសួងពាណិជ្ជកម្មបានរៀបចំក្រុមការងារចាំទទួលដើម្បីសម្របសម្រួលការបញ្ជាទិញ និងទទួលសំណូមពរផ្សេងៗរបស់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់នេះដូច្នេះសូមបងប្អូនប្រជាពលរដ្ឋអញ្ជើញ​មកទំនាក់ទំនងជាមួយក្រុមការងារដែលនៅតាំមបណ្ដោយផ្លូវ 2011 ។
ប្រជាជនដែលរស់នៅក្នុងតំបន់ក្រហមទាំងអស់ត្រូវនៅក្នុងផ្ទះ មិនអាចចេញទៅផ្សារបានទេ ហើយផ្សារនៅក្នុងតំបន់ក្រហមក៏ត្រូវផ្អាកដំណើរការទាំងអស់ដែរ ប៉ុន្តែ ក្រសួងពាណិជ្ជកម្ម រៀបចំអោយមានការលក់អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ និងគ្រឿងឧបភោគបរិភោគចាំបាច់ផ្សេងទៀត ដើម្បីលក់ជូនបងប្អូនក្នុងតំបន់ក្រហម ដោយមានសេវាដឹកជូនដល់មុខផ្ទះ។
សូមកុំបារម្ភពីរឿងអត់ស្បៀងទៀតទៅ សូមនៅក្នុងផ្ទះ កុំចេញក្រៅ កុំឆ្លងពីផ្ទះមួយទៅផ្ទះមួយ ចៀសវាងការឆ្លងជំងឺកូវីដ-១៩ និងប្រឈមនឹងវិធានការច្បាប់តឹងរឹង។
តំបន់ក្រហម មានលេខទូរស័ព្ទសម្រាប់ទំនាក់ទំនងទិញម្ហូបអាហារ សម្រាប់បងប្អូននៅក្នុងតំបន់ក្រហម
012767043 | 089355696 | 069524499 | 015805313 | 017855011
បញ្ជាក់៖ ក្នុងតំបន់ក្រហមមានតែក្រុមការងារក្រសួងពាណិជ្ជកម្មខាងលើទេ ដែលអាចដឹកម្ហូបចូលបាន។
សូមយោគយល់អធ្យាស្រ័យសម្រាប់គ្រាដ៏លំបាកនេះ និងសូមចូលរួមអនុវត្តទាំងអស់គ្នាដើម្បីកាត់ផ្តាច់ការឆ្លងជំងឺកូវីដ-១៩ អោយបានឆាប់ ៕
អត្ថបទដែលជាប់ទាក់ទង