ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល ចុះសួរសុខទុក្ខមន្រ្តីប្រចាំការនៅមណ្ឌលសកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងសង្កាត់កំពង់សំណាញ់

ខេត្តកណ្តាល៖ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល ណែនាំដល់មន្ត្រីកំពុងប្រចាំការនៅមណ្ឌលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ត្រូវបានបន្តណែនាំផ្សព្វផ្សាយអប់រំ ឱ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ចូលរួមអនុវត្តចាត់វិធានការជាមួយប្រមុខរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកំពុងតែរីករាលដាលនៅទូទាំងប្រទេសកម្ពុជា។
ឯកឧត្តមបណ្ឌិតប្រធានក្រុមប្រឹក្សាខេត្តបន្តក្នុងឱកាសអញ្ជើញចុះសំណេះសំណាលនឹងសួរសុខទុក្ខនោះដោយបាននាំយកនូវគ្រឿងឧបភោគបរិភោគមួយចំនួនជួយ ឧបត្ថម្ភជូនមណ្ឌលសកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅទូទាំងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ឯកឧត្តមបន្តថា: មន្ត្រីប្រចាំការនៅមណ្ឌលសកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ទាំងអស់ ត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួន សូមឲមានការអត់ធ្មត់កុំចេញពីផ្ទះបើមិនមានការចាំបាច់ឬពីភូមិមួយទៅភូមិមួយនោះឡើយ។បើក្នុងករណីមានការចាំបាច់ត្រូវចេញមកខាងក្រៅ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរក្សានូវគម្លាតសុវត្ថិភាព លាងដៃជាមួយអាកុល ឬជែល នៅពេលដែលបងប្អូនបានចាប់ឬកាន់នូវរបស់អ្វីមួយ ដើម្បីបញ្ចៀសនូវការចម្លងមេរោគពីអ្នកដទៃ មកលើខ្លួនយើង ពិសេសជាងនេះទៅទៀត សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ សម្ដេចតេជោ ប្រមុខរាជរដ្ឋាភិបាល រួមមាន៣ការពារ ៣កុំ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នឹងឈានទៅដល់ការបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ឱ្យបានឆាប់ៗនាពេលខាងមុខផងដែរ។
អំណោយជាសម្ភារៈ និងគ្រឿងឧបភោគបរិភោគ ដែលបានឧបត្ថម្ភដល់មណ្ឌលសកម្មភាព ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងសង្កាត់កំពង់សំណាញ់ទាំង១៥ មណ្ឌល ដោយក្នុងមួយមណ្ឌលទទួលបាន អង្ករ ៥០គីឡូក្រាម មី២កេស ម៉ាស់ ២ប្រអប់ ជេលសម្លាប់មេរោគចំនួន ១០ដបតូច ពងទាចំនួន ៥០គ្រាប់ និងថវិកា ១០ម៉ឺនរៀល៕ (សភារាជ)











