ឃ្លាំងឱសថកណ្តាលរបស់ក្រសួងសុខាភិបាល មានរៀបចំពិធីប្រគល់-ទទួលកាបូបក្លាសេ្សសម្រាប់ដាក់វ៉ាក់សាំង (Cool Box) ចំនួន ៥០០ កាបូប ដែលជាអំណោយសប្បុរសជន តាមរយៈសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ នៅឃ្លាំងឱសថកណ្តាលរបស់ក្រសួងសុខាភិបាលមានរៀបចំពិធីប្រគល់-ទទួលកាបូបក្លាសេ្សសម្រាប់ដាក់វ៉ាក់សាំង (Cool Box) ចំនួន ៥០០ កាបូប ដែលជាអំណោយសប្បុរសជន តាមរយៈសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក ជូនដល់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ។
ថ្លែងក្នុងឱកាសនោះ លោកជំទាវឱ វណ្ណឌីន បានបញ្ជាក់ថា ដំណាក់កាលនេះជាដំណាក់កាលដ៏សំខាន់ចាំបាច់បំផុត ដែលយើងត្រូវរួមគ្នាប្រយទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ១៩នៅកម្ពុជា ហើយអំណោយធុងក្លាស្សេសម្រាប់ដាក់វ៉ាក់សាំងនេះ គឺពិតជាចំពេលវេលាដែលគណៈកម្នការកំពុងរៀបចំយុទ្ធនាការថ្នាក់ជាតិសម្រាប់ចាក់វ៉ាក់សាំងទូទាំងប្រទេសដែលត្រូវការនូវសម្ភារៈចាំបាច់នានា ជាពិសេសធុងដាក់វ៉ាក់សាំងសម្រាប់យកទៅតាមបណ្តាខេត្តផងដែរ។ លោកជំទាវក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្ព័ន្ធគ្រូពេទ្យស.ស.យ.ក ដែលបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការចាក់វ៉ាក់សាំងកូវីដ១៩ ដល់មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋផងដែរ ។ ទន្ទឹមនឹងនេះដែរឯកឧត្តមបណ្ឌិត ហេង សុខគង់ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវ និងសហការីទាំងអស់នៃក្រសួងសុខាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបាននិងកំពុងតស៊ូ ពុះពារ ធ្វើពលិកម្មគ្រប់បែបយ៉ាងទាំងកម្លាំងកាយចិត្ត ប្រាជ្ញា និងចំណេះដឹងទាំងយប់ទាំងថ្ងៃដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅកម្ពុជា។
ក្នុងឱកាសនោះដែរ ឯកឧត្តមបានបញ្ជាក់សារជាថ្មីផងដែរថា សម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីយកឈ្នះលើជំងឺរាតត្បាតដ៏កាចសាហាវនេះឲ្យរលាយបាត់ពីកម្ពុជាផងដែរ ៕ ប្រភព៖ សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា-Doctor Alliance of UYFC