សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានតបជាមួយសំណេរនិងម្ចាស់គណនីហ្វេសបុកមួយថា “នឹងមិនបន្ដបិទរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តទៀតនោះទេ ពោលអាចនឹងបិទតំបន់តូចៗមួយចំនួនដែលមានហានិភ័យខ្ពស់ លើការឆ្លងជំងឺកូវីដ១៩តែប៉ុណ្ណោះ”
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅយប់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១នេះ បានប្រកាសច្បាស់ៗថា នឹងមិនបន្ដបិទរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តទៀតនោះទេ ពោលអាចនឹងបិទតំបន់តូចៗមួយចំនួនដែលមានហានិភ័យខ្ពស់ លើការឆ្លងជំងឺកូវីដ១៩តែប៉ុណ្ណោះ។
ការប្រកាសបែបនេះរបស់សម្ដេចតេជោ ហ៊ុន សែន គឺឆ្លើយតបទៅនឹងអ្នក Comment ដែលបានចូលទៅ Comment ក្នុងហ្វេសបុករបស់សម្ដេចថា ចង់អំពីស្ថានភាពក្រោយថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ដែលជាថ្ងៃកំណត់បើករាជធានីភ្នំពេញឡើងវិញ ក្រោយបិទខ្ទប់រយៈពេល៣សប្ដាហ៍ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។
ម្ចាស់គណនីហ្វេសបុកឈ្មោះ Tuo បានសរសេរយ៉ាងដូច្នេះថា «សម្តេចថ្ងែទី៥នេះ សូមសម្តេចបើកផ្លូវវិញមែនទែនមក។ ក្មួយជាប់នៅខេត្តយូរថ្ងែមកហើយដែរ មិនទាន់ចូលទៅភ្នំពេញវិញបាន ព្រោះត្រូវឡើងមកចាក់វ៉ាក់សាំង ហើយថវិកាក៏ជិតអស់ សំណាងហើយក្មួយស្គាល់គេគេឲ្យផ្ទះស្នាក់នៅអត់គិតអ្វីពីក្មួយ»។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឆ្លើយតបយ៉ាងដូច្នេះថា «ពុំមានហេតុផលបន្តបិទ ទេយើងនិងបើកតែខេត្ត ឬរាជធានីអាចបិទ តំបន់តូចៗ ដែលនៅមានហានិភ័យលើការឆ្លងខ្ពស់។ ការបិទកន្លងមក គឺជាការបង្ខំចិត្តដើម្បីកាត់បន្ថយការឆ្លង និងការស្លាប់របស់ប្រជាជនយើង។ សូមយោគយល់ដល់ការលំបាករួមរបស់ជាតិ»។
គួរជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា សម្រេចជ្រើសយកវិធានការបន្ដបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ហើយការកំណត់បិទខ្ទប់នេះ ត្រឹមថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ខាងមុខនេះ។ បើគិតដល់ថ្ងៃទី០៥ ខែឧសភា ការបិទខ្ទប់នេះមានរយៈពេល៣សប្ដាហ៍ ។
ក្នុងនោះផងដែរសម្តេចក៏បានឆ្លើយតប ជាមួយម្ចាស់ហ្វេសប៊ុក Ben KH ថា ៖
“នឹងចាក់ជូនគ្រប់ៗគ្នាគ្រាន់តែមានមុនមានក្រោយព្រោះពេទ្យយើងមិនអាចធ្វើមួយថ្ងៃឬមួយសប្តាហ៍
អស់ទេ។
យើងនឹងចាក់ជូនបងប្អូននៅភ្នំពេញនិងខេត្តកណ្តាលឱយរួចរាល់ក្នុងខែឧសភានិងមិថុនា២០២១នេះ។
ពេលនេះកំពុងប្រម៉ូលផ្តុំការខិតខំចាក់នៅតំបន់ក្រហមឱយបានមុន។
សូមបងប្អូនអត់ធ្មត់រង់ចាំ បន្តិចវ៉ាក់សាំងនឹងយកទៅចាក់ជូនបងប្អូនឱយបានគ្រប់ៗគ្នា។ខ្ញុំប្រើពាក្យថាស្រោចវ៉ាក់សាំងជូនប្រជាជននៅភ្នំពេញឱយមានភាពសាំមិនឱយមានឆ្លងកូវីដ១៩តទៅទៀត “៕ by Chenda Poutthi