ឯកឧត្តម សាយ សំអាល់ អនុប្រធាន តំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានអញ្ជើញទៅទទួល និងប្រគល់ អំណោយចំនួន ១០ ០០០ កញ្ចប់ ដែលជាការឧបត្ថម្ភរបស់ក្រុមហ៊ុន ភេសជ្ជៈកម្ពុជា កូកា កូឡា និងសមាគមកាត់ដេរកម្ពុជា (GMAC)

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម សាយ សំអាល់ អនុប្រធាន តំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានី​ភ្នំពេញ បានអញ្ជើញទៅទទួល និងប្រគល់ អំណោយចំនួន ១០ ០០០កញ្ចប់ ដែលជាការឧបត្ថម្ភរបស់ក្រុមហ៊ុន ភេសជ្ជៈកម្ពុជា កូកា កូឡា និងសមាគមកាត់ដេរកម្ពុជា (GMAC) តាមរយៈ ស.ស.យ.ក. ទៅប្រគល់ជូនអាជ្ញាធរខណ្ឌទាំង៥ រួមមាន៖ ខណ្ឌឫស្សីកែវ ខណ្ឌសែនសុខ ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល សម្រាប់ចែកជូនបងប្អូនកម្មករ កម្មការិនី និងបងប្អូនក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលកំពុងជួបប្រទះការខ្វះខាតក្នុងអំឡុងពេលបិទខ្ទប់។ អំណោយជាស្បៀង និងសំភារៈចាំបាច់ទាំងនោះ រួមមាន អង្ករ មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអីវ​ ភេសជ្ជៈកូកា កូឡា ម៉ាស និងសាប៊ូ ដែលអាចឱ្យបងប្អូនដែលកំពុងមានជីវភាពខ្វះខ្វាតបានសម្រាលទុក្ខលំបាកក្នុងគ្រាអាសន្ននេះ។
ក្នុងនាម ឯកឧត្តម ហ៊ុន ម៉ានី ឯកឧត្តម សាយ សំអាល់ បានថ្លែងអំណរគុណដល់ក្រុុមហ៊ុនភេសជ្ជៈកម្ពុជា កូកាកូឡា និងសមាគមកាត់ដេរ ដែលចូលរួមចំណែកក្នុងកាលៈទេសៈដែលសង្គមជាតិកំពុងជួបការលំបាក ជាពិសេសការជួយសម្រាលការលំបាកដល់បងប្អូនដែលជាក្រុមងាយរងគ្រោះក្នុងអំឡុងនៃការបិទខ្ទប់។
ឆ្លៀតក្នុងឱកាសនេះផងដែរ ស.ស.យ.ក. សូមកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ការចូលរួមរបស់សប្បុរសជននានា មិនថាតាមរយៈសកម្មភាពជាមួយអាជ្ញាធរ ស.ស.យ.ក. ឬតាមរយៈការផ្តួចផ្តើមផ្ទាល់ខ្លួននោះទេ ដែលទាំងអស់នេះជាការបំពេញករណីកិច្ចក្នុងនាមជាសមាជិកសង្គមប្រកបដោយការទទួលខុសត្រូវ ឈរលើស្មារតី “ចេះជួយគ្នាក្នុងគ្រាលំបាក”។
សូមបញ្ជាក់ថា អំណោយរបស់សប្បុរសជនដែលបានប្រគល់ជូនតាមរយៈ ស.ស.យ.ក. នាឱកាសនេះនឹងត្រូវបែងចែកទៅតាមគោលដៅចំនួន ៥ ខណ្ឌទូទាំងរាជធានីភ្នំពេញ និងបងប្អូនក្នុងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
អត្ថបទដែលជាប់ទាក់ទង