សប្បុរសជនចំនួន៣ក្រុម ប្រគល់ស្បៀងអាហារនិងសម្ភារៈការពារជម្ងឺ ជូនរដ្ឋបាលរាជធានី ដើម្បីជួយឧបត្ថម្ភពលរដ្ឋ និងទប់ស្កាត់ការរីករាលដាលកូវីដ-១៩

ភ្នំពេញ៖ សប្បុរសជនចំនួន៣ក្រុម ដែលក្នុងនោះមានសហគមធនាគារនៅកម្ពុជា ក្រុមហ៊ុនអង្គរឌែរី ប្រូផាក ខូ អិលធីឌី និងក្រុមហ៊ុនណិកស៏ជេនើរេសិន ឌីស្ទ្រីប៊្យូសិន ឯ.ក បានប្រគល់ថវិកា ស្បៀងអាហារនិងសម្ភារៈការពារជម្ងឺរាតត្បាត ជូនរដ្ឋបាលរាជធានី ដើម្បីជួយឧបត្ថម្ភជូនប្រជាពលរដ្ឋ និងទប់ស្កាត់ការរីករាលដាលកូវីដ-១៩ ។

ពិធីប្រគល់និងទទួលនេះបានធ្វើឡើងនៅរសៀលថ្ងៃទី០៥ឧសភានេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ហើយក្រុមហ៊ុន២ទៀត ទទួលដោយអភិបាលរងរាជធានីភ្នំពេញចំនូន២រូបទៀត ។

អំណោយរបស់សហគមធនាគារនៅកម្ពុជា ដែលទទួលដោយ លោកឃួង ស្រេង រួមមាន ថវិកា ចំនួន ២៥០០ដុល្លារ អង្ករចំនួន ២៣តោន ត្រីខ ចំនួន ១១២៩យួរ មីម៉ាម៉ាចំនួន ១២០០កំប៉ុង ម៉ាស់ចំនួន ៥ ៧០០ប្រអប់ ទឹកជែលលាងដៃ ចំនួន ២៧០០ដបនិង ទឹកអាល់កុល ចំនួន ១២០០លីត្រ ។

ក្រុមហ៊ុនអង្គរឌែរី ប្រូផាក ខូ អិលធីឌី ទទួលដោយ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ប្រគល់ទឹកដោះគោស្រស់ចំនួន ១០០០កេស ជូនរដ្ឋបាលរាជធានីភ្នំពេញ ។ ចំណែក ក្រុមហ៊ុនណិកស៏ជេនើរេសិន ឌីស្ទ្រីប៊្យូសិន បានប្រគល់ជូនអង្គរ ៥០០គីឡូក្រាម ត្រីខ ៥០យូរ មី ៥០កេស ជូនរដ្ឋបាលរាជធានីភ្នំពេញ តាមរយៈលោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ និងចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ផងដែរ ។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងឱកាសនោះ បានមានប្រសាសន៍លើកឡើងថា ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់នៅរាជធានី ភ្នំពេញ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សប្បុរសជនទាំង ៣ក្រុម ដែលបានឧបត្ថម្ភថវិកា ស្បៀងអាហារ និងសម្ភារៈការពារជម្ងឺរាតត្បាត ជូនរដ្ឋបាលរាជធានី ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ និងចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ ។

តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយ រដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគបូវីដ-១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានទាន់ពេលវេលា។ ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្តែងឱ្យឃើញអំពីការគិតគូរ និងក្ដីអាណិតស្រលាញ់ចំពោះជនរួមជាតិ ដោយឈរលើ បុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាននឹងកំពុងជួបប្រទះនឹងគ្រោះភ័យ និងការរាតត្បាតពីមេរោគកូវីដ-១៩ (Covid-I9) ភ្នំពេញ និងប្រជាជនកម្ពុជាទាំងអស់៕
