Detail Top Banner

ជនសង្ស័យ២នាក់លួចប៉ែលត្រាក់ទ័រយកទៅលក់បាន ១០ម៉ឺនរៀល ត្រូវកំលាំងអាវុធហត្ថឃាត់ខ្លួនបានម្នាក់ រត់រួចម្នាក់

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យ២នាក់លួចប៉ែលត្រាក់ទ័រយកទៅលក់បាន ១០ម៉ឺនរៀល យកទៅទិញថ្នាំញៀនជក់ ត្រូវកំលាំងអាវុធហត្ថឃាត់ខ្លួនបាន ១នាក់រត់រួច ១នាក់ កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ក្នុងភូមិទួលប្រាសាទ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ការឃាត់ខ្លួននេះយោងតាមពាក្យបណ្ដឹងលេខ ០៣ ចុះថ្ងៃទី៥ ឧសភា ឆ្នាំ២០២១ របស់ឈ្មោះ ជា គីមសុង ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងករណីបាត់ប៉ែលត្រាក់ទ័រ ក្រោយពីទទួលបានពាក្យបណ្ដឹងហើយលោក វរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានដឹកនាំកម្លាំងជំនាញចុះការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួនម្នាក់ឈ្មោះ ភឿង សី ភេទប្រុស អាយុ៤២ឆ្នាំ ស្នាក់នៅភូមិទួលប្រាសាទ ឃុំទួលពង្រ ស្រុកម៉ាឡៃ នៅវេលាម៉ោង៩យប់ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១បញ្ជូនមកអាវុធហត្ថស្រុកដើម្បីធ្វើការសួរចម្លើយ។ ម្ចាស់បែលបាននិយាយថា ពេលលួចនោះមានភ្លៀងធ្លាក់ខ្លាំងម្ចាសប៉ែលបានដោះប៉ែលរុញមុខរបស់ត្រាក់ទ័រទុកនៅជាប់សាលារៀន ហើយបានយកត្រាក់ទ័រទៅជួសជុលនៅភូមិកូនដំរី ពេលត្រឡប់មកវិញស្រាប់តែបាត់ប៉ែលត្រាក់ទ័រនោះតែម្ដង។ ជនសង្ស័យបាននិយាយថា ពេលលួចនោះខ្លួននិងបក្ខពួកម្នាក់ទៀតឈ្មោះ រ៉ុង បានឲ្យខ្លួនលើកប៉ែលត្រាក់ទ័រដាក់លើគោយន្តរបស់ឈ្មោះ រ៉ុង ហើយដឹកទៅឲ្យពួកគេ ដោយទទួលបានប្រាក់ស្នួលចំនួន ១០ម៉ឺនរៀល ចំណែករូបខ្លួនទទួលបាន ៤ម៉ឺនរៀល យកទៅទិញថ្នាំញៀនជក់។ លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើ លោកឧត្តមត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានឲ្យកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ អាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តដាក់ទោសទៅតាមផ្លូវច្បាប់៕
អត្ថបទដែលជាប់ទាក់ទង