ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះបើកការដ្ឋានជួសជុលផ្លូវជាតិលេខ៧៦A ក្នុងស្រុកកែវសីមា

ខេត្តមណ្ឌលគិរី៖ ផ្លូវជាតិលេខ៧៦A ដែលរងការខូចខាតជាងបួនគីឡូម៉ែត្រ ត្រូវបានអាជ្ញាធរខេត្ត ធ្វើការជួសជុលឡើងវិញ ដើម្បីភាពងាយស្រួលដល់ប្រជាពលរដ្ឋដែលធ្វើដំណើរ ដឹកជញ្ជូនកសិផល និងទំនិញផ្សេងៗ សម្រាប់សេចក្តីត្រូវការក្នុងខេត្តមណ្ឌលគិរី។

ការចុះបើកការដ្ឋានជួសជុលផ្លូវជាតិនេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីសំណាក់លោក ញ៉ន សិទ្ធ អភិបាលរងខេត្ត លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុក ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី មានប្រសាសន៍ថា ផ្លូវជាតិលេខ ៧៦Aនេះ បានដាក់ឲ្យប្រើប្រាស់កាលពីឆ្នាំ២០១២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលរហូតមកដល់ពេលនេះ កំណាត់ផ្លូវមួយចំនួនបានរងការខូចខាត ហើយមន្ទីរសាធារណការ និងដឹកជញ្ចូនខេត្ត ក៏បានធ្វើការជួសជុលជាបន្តបន្ទាប់ផងដែរ។

ឯកឧត្តម អភិបាលខេត្តបន្តថា ផ្លូវជាតិលេខ ៧៦Aនេះ គឺជាសសៃឈាមសេដ្ឋកិច្ចដ៏សំខាន់បំផុតរបស់ខេត្តមណ្ឌលគិរី បើមិនមានការយកចិត្តទុកដាក់ថែទាំឬជួសជុលឲ្យបានទាន់ពេលនោះទេ វាអាចធ្វើឲ្យខូចកាន់តែធំនិងធ្វើអោយមានការលំបាកដល់បងប្អូនប្រជាពលរដ្ឋដែលរសនៅក្នុងខេត្តក៏ដូចជាភ្ញៀវទេសចរណ៍មកកំសាន្តខេត្តមណ្ឌលគិរីជាដើម ជាហេតុនេះហើយទើបធ្វើឲ្យឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តបានបញ្ជាដល់មន្ទីរសាធារណការ និងដឹកជញ្ចូនខេត្ត ត្រូវតែជួសជុលកំណាត់ផ្លូវជាតិនេះ ឲ្យមានគុណភាពខ្ពស់ ចៀសវាងការជួសជុលខាងមុខខូចខាងក្រោយ ដែលនាំឲ្យខាតបង់ថវិកាជាតិ និងប៉ះពាល់ដល់ការធ្វើចរាចរណ៍ ជាពិសេស ប៉ះពាល់ដល់ការប្រកបរបចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

តាមការបញ្ជាក់របស់លោក រស់ គីមធន ប្រធានមន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី បានឲ្យដឹងថា ការបើកការដ្ឋានជួសជុលនេះមានប្រវែង ៤៣៨០ម៉ែត្រ នៅចន្លោះគីឡូម៉ែត្រលេខ ៦៧+៥០០ ដល់ ៧១+៨៨០ ហើយការជួសជុលផ្លូវនេះ ជាថវិកាគម្រោងប្រចាំឆ្នាំការងារថែទាំឆ្នាំ២០២១ ដោយសារផ្លូវមានការខូចខាតធ្ងន់ធ្ងរ ទើបមន្ទីរសម្រេចជួសជុលឡើងវិញ១០០% ព្រោះស្ថានភាពផ្លូវចាស់ មានសភាពប៉ោងស្រុតរមួល ដែលមិនអាចថែទាំប្រចាំបាននោះទេ។

នាឳកាសនោះ ឯកឧត្តម អភិបាលខេត្ត បាននាំយកគ្រឿងឧបភោគបរិភោគ សម្ភារៈប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងថវិកា ១លានរៀល ឧបត្ថម្ភដល់ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ចូនខេត្ត ដើម្បីដោះស្រាយការហូបចុកផងដែរ៕
