យុទ្ធភូមិភាគ៥ ប្រជុំប្រចាំសប្តាហ៍ទី៥ ខែឧសភា អំពីវឌ្ឍនភាព និងការងារខាងមុខ

ខេត្តបាត់ដំបង៖ ព្រឹកថ្ងៃចន្ទ ១៤រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៥ បានប្រជុំសប្តាហ៍ទី១ ខែឧសភា ឆ្នាំ២០២១ និងផែនការអនុវត្តបន្តក្រោមអធិបតីភាពឯកឧត្តមឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥។

ចូលរួមប្រជុំមាន មេបញ្ជាការរង នាយសេនាធិការរង នាយការិយាល័យយោធភូមិភាគ និង នាយកសាលាពលទាហានទី៥ នាយករងមន្ទីរពេទ្យ នៅបន្ទប់ប្រជុំយោធភូមិភាគទី៥។

មានប្រសាសន៍បូកសរុប ឯកឧត្តម មេបញ្ជាការ បានវាយតម្លៃខ្ពស់និងកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់អង្គភាពចំណុះយោធភូមិភាគទាំងអស់ដែលកន្លងមកអនុវត្តបានល្អតាមបទបញ្ជា និងតាមការណែនាំ យើងបានបញ្ជូនកម្លាំងចុះតាមបណ្ដោយព្រំដែនសហការត្រួតពិនិត្យពលករឆ្លងដែនមកពីថៃនិងកម្លាំងចូលរួមសហការបិទខ្ទប់នៅតំបន់ក្រហមប៉ោយប៉ែតហើយក៏បានឲ្យកម្លាំងចុះជួយប្រជាពលរដ្ឋមានការខ្វះខាតពិសេសសង្គ្រោះទាន់ពេលវេលាដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់។

ក្រុមការងារប្រតិបត្តិការ ក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ នៅយោធភូមិភាគទី៥ គ្រប់គោលដៅបានប្រឹងប្រែងរៀបចំចាក់ថ្នាំជូនអតីតយុទ្ធជន និងគ្រួសារកងទ័ពដំណើរការល្អបានរលូន។

*ទិសដៅបន្តស្នើតាមដានក្តាប់សភាពការណ៍ព្រំដែន និងសន្តិសុខសណ្តាប់ធ្នាប់សង្គម គ្រោះមហន្តរាយផ្សេងៗ ដើម្បីជួយដោះស្រាយទាន់ពេលវេលា, ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រងកម្លាំង និងត្រៀមកម្លាំងអន្តរាគមន៍រង់ចាំបទបញ្ជា ពិសេសបន្តការចុះជួយសង្គ្រោះប្រជាពលរដ្ឋ៕ (យោធភូមិភាគ៥)



