ប្រជាពលរដ្ឋជិត ៤០ម៉ឺននាក់នៅតំបន់ក្រហម ទទួលបានការចាក់វ៉ាក់សាំងរួចរាល់

ភ្នំពេញ៖ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ ក្រុមការងារចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ក្នុងរាជធានីភ្នំពេញ បានសរុប ៣៩៩ ៦១៧នាក់ នេះបើតាមរបាយការណ៍របស់ក្រសួងការពារជាតិ។
ក្នុងចំណោមអ្នកចាក់ទាំងជិត ៤០ម៉ឺននាក់នេះ មាននៅក្នុងខណ្ឌចំនួន៦ ដែលជាតំបន់ក្រហមមានដូចជា៖ ខណ្ឌមានជ័យ ចាក់បាន ៨៥ ១១៧នាក់ ខណ្ឌដង្កោ ចាក់បាន ១០ ៩០៥នាក់ ខណ្ឌកំបូល ចាក់បាន ៧០ ៨២៨នាក់ ខណ្ឌពោធិ៍សែនជ័យ ចាក់បាន ១៣២ ៦៨០នាក់ ខណ្ឌឫស្សីកែវ ចាក់បាន ៨ ៩១៩នាក់ និងខណ្ឌទួលគោក ចាក់បាន ១ ១៦៨នាក់។
ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុមការងារចាក់វ៉ាក់សាំងនៅតំបន់ក្រហម បានឱ្យដឹងថា បើទោះបីដំណើរការចាក់វ៉ាក់សាំងនៅតំបន់ក្រហម មានការលំបាក និងស្មុគស្មាញបន្តិច ដោយសារស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩ តែក្រុមការងារចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩នៅតែដំណើរការមានភាពល្អប្រសើរ និងចាក់បានលឿនតាមផែនការ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ក្នុងខណ្ឌចំនួន៦រួមមាន ខណ្ឌមានជ័យ ខណ្ឌដង្កោ ខណ្ឌកំបូល ខណ្ឌពោធិ៍សែនជ័យ ខណ្ឌឫស្សីកែវ និងខណ្ឌទួលគោក ដែលមានប្រជាពលរដ្ឋត្រូវចាក់ សរុបជាង ៦០ម៉ឺននាក់៕
អត្ថបទដែលជាប់ទាក់ទង