សម្តេចប្រធានរដ្ឋសភានិងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន អញ្ជើញចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី២ នៅវិមានរដ្ឋសភា

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន បាន​អញ្ជើញចាក់វ៉ាក់សំាងកូវីដ-១៩ ដូសទី២ “COVIDSHIELD” AstraZeneca នៅវិមានរដ្ឋសភា នាព្រឹក​ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១។

សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលដែលបានខិតខំកៀរគរ​គ្រប់​មធ្យោបាយដើម្បីទទួលបានវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ ដែលតាមគម្រោងឱ្យបានប្រមាណ១០លាននាក់ ដើម្បីបង្កើតភាពស៊ាំសហគមន៍ ឈានទៅគ្រប់គ្រងបានលើវីរុសកូរ៉ូណា(កូវីដ-១៩) សំដៅស្តារសេដ្ឋកិច្ចនិង​សង្គម​ជាតិ​ឡើងវិញ ចេញពីវិបត្តិជាសកលនេះក្នុងពេលឆាប់ៗខាងមុខ។

ឆ្លៀតឱកាសនោះ សម្តេចអគ្គមហាពញាចក្រីក៏បានថ្លែអំណរគុណផងដែរដល់បណ្តាប្រទេសជាមិត្ត ពិសេស​សាធារណរដ្ឋប្រមានិតចិននិងដៃគូរអភិវឌ្ឍន៍ជាច្រើនទៀតដូចជាអង្គការសុខភាពពិភពលោក និងយន្តការកូវ៉ាក់ (COVAX) ជាដើម រួមទាំងសប្បុរសជនទាំងអស់ ដែលបានជួយឧបត្ថម្ភវ៉ាក់សាំងនិងផ្តល់ជំនួយបច្ចេកទេស សម្ភារៈវិទ្យាសាស្រ្តជាច្រើនដល់កម្ពុជានៅក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នាពេលកន្លងមក។

សម្តេចបានអំពាវនិងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ សូមអញ្ជើញទៅទទួលវ៉ាក់សាំងដោយឥតគិតថ្លៃ​នៅតាម​មូលដ្ឋានរៀងៗខ្លួន ដើម្បីការពារអាយុជីវិត ក្រុមគ្រួសារនិងសហគមន៍របស់ខ្លួន។

ជាមួយគ្នានេះសម្តេចបានអំពាវនាវដល់ប្រជាពលរដ្ឋបន្តអនុវត្តវិធានសុខាភិបាល “៣ការពារ ៣កុំ” ឱ្យបាន​ខ្ជាប់ខ្ជូន​គ្រប់ៗគ្នាទោះជាបានទទួលវ៉ាក់សាំងការពាររួចហើយក្តី។

សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថាជំងឺកូវីដ-១៩នៅតែបន្តគំរាមកំហែងពិភពលោកក៏ដូចជាកម្ពុជា ក្នុង​សភាពខ្លាំងក្លានៅឡើយ។

ដូច្នេះដើម្បីការពារទប់ស្កាត់ជំងឺនេះកុំឱ្យឆ្លងរាលដាលកាន់តែខ្លាំងឡើង កត្តាសំខាន់បំផុតគឺការចូលរួមនិង​ការ​បេ្តជ្ញាចិត្តពីបុគ្គលម្នាក់ៗ ទើបសង្គមជាតិអាចគេចផុតពីជំងឺរាតត្បាតនេះបាន៕

អត្ថបទដែលជាប់ទាក់ទង