ទេសចរក្នុងស្រុកចាប់ផ្តើមចេញដើរកម្សាន្តនៅតាមគោលដៅទេសចរណ៍

ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា កាលពីចុងសប្តាហ៍កន្លងទៅនេះ ភ្ញៀវទេសចរណ៍​ផ្ទៃក្នុង ចំនួនសរុប ១៩៧០៩នាក់ ក្នុងនោះភ្ញៀវបរទេសចំនួន ២១៧នាក់ បានចេញដើរកម្សាន្តនៅ​តាមគោល​ដៅ​ទេសចរណ៍នានា។

ឯកឧត្ដមបណ្ឌិត មានប្រសាសន៍ថា ទោះបីនៅមានភ្ញៀវទេសចរចំនួនតិចនៅឡីយ តែមានការកើនឡើងខ្លះ​នៅ​តាមគោលដៅនានា ពោលគឺបានកើនចំនួនប្រមាណ១០.៧៤៩ នាក់ ស្មើ១២០ភាគរយ ធៀបនឹងរយៈពេល​មួយសប្តាហ៍ មុនពេលបិទបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដែលភ្ញៀវទេសចរមានចំនួន​ត្រឹមតែ​ជាង ៨ ៩០០នាក់។ ភ្ញៀវទេសចរ ភាគច្រើន គឺជាប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្ត ហើយ ការដើរកម្សាន្ត គឺ​ភាគ​ច្រើនជាលក្ខណៈគ្រួសារ។ ដោយឡែក ភ្ញៀវទេសចរពីភ្នំពេញ និងខេត្តកណ្តាល មិនទាន់មានចំនួនច្រើន នៅឡើយ ដោយសារការបិទខ្ទប់រាជធានីភ្នំពេញនិងក្រុងតាខ្មៅ ទើបត្រូវបានបិទបញ្ចប់នាថ្ងៃទី៦ ខែឧសភា។

ឯកឧត្ដម រដ្ឋមន្ត្រី កត់សម្គាល់ថា រមណីយដ្ឋាន និងគោលដៅទេសចរណ៍ដែលបានបើក ដំណើរការឡើងវិញ ភាគច្រើនជាគោលដៅដែលមានវិសាល ភាពធំទូលាយ ដែលមានភាពងាយស្រួលក្នុងការរក្សាគម្លាតសង្គម ដូចជាតំបន់ប្រាសាទអង្គរ តំបន់ឆ្នេរ តំបន់សហគមន៍ទេសចរណ៍ អេកូទេសចរណ៍ និងទេសចរណ៍ផ្សងព្រេង​ជាដើម ខណៈរមណីយដ្ឋានដែល មានលក្ខណៈកែច្នៃបែបឯកជនភាគច្រើន ម្ចាស់រមណីយដ្ឋាននៅមិនទាន់បើក ដំណើរឡើងវិញទេ ដោយនៅបន្តរង់ចាំមើលការវិវត្តន៍នៃជំងឺកូវីដ-១៩។

ឯកឧត្ដម មានប្រសាសន៍ថា គោលដៅទេសចរណ៍នៅតាមបណ្តាមូលដ្ឋានខេត្ត និងស្រុកមួយចំនួន អាជ្ញាធរនៅ​មិន​ទាន់​អនុញ្ញាតឱ្យបើកដំណើរការឡើងវិញទេ អាស្រ័យលើការវិវត្តន៍ជាក់ស្តែងនៃជំងឺកូវីដ-១៩ ក្នុងមូលដ្ឋាន ហើយ​គោលដៅទេសចរណ៍មួយចំនួនបានបើក ដំណើរការឡើងវិញ ប៉ុន្តែមិនទាន់មានភ្ញៀវទៅកម្សាន្ត​នៅ​ឡើយ។

កាលពីឆ្នាំ២០២០កន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិតែ១លាន៣១ម៉ឺននាក់ប៉ុណ្ណោះ ដោយមាន​ការ​ថយ​ចុះ​ប្រមាណ៨០ភាគរយ និងទទួល បានភ្ញៀវទេសចរផ្ទៃក្នុងប្រមាណ៩លាននាក់ ថយចុះ២០ភាគរយ បើធៀបនឹងឆ្នាំ២០១៩កន្លងទៅ។ ការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរអន្តរជាតិកាលពីឆ្នាំមុន បានធ្វើឱ្យ​ឧស្សាហកម្ម​​ទេស​ចរណ៍​កម្ពុជា បាត់បង់ចំណូលជាង៣ពាន់លានដុល្លារអាមេរិក។

ទោះជាយ៉ាងនេះក្តី រាជរដ្ឋាភិបាល រំពឹងថា វិស័យទេសចរណ៍របស់កម្ពុជា នឹងងើបឡើងវិញជាមួយនឹងការ​ទទួល​បានភ្ញៀវទេសចរក្នុងស្រុកប្រមាណ១១លាននាក់ នៅឆ្នាំ២០២៣ និងភ្ញៀវទេសចរអន្តរជាតិប្រមាណ​៧លាននាក់ នៅឆ្នាំ២០២៥៕ by AKP

 

អត្ថបទដែលជាប់ទាក់ទង