សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត ប្រជុំផ្សព្វផ្សាយ និងកៀរគរសប្បុរសជនដើម្បីអបអរ ខួបលើកទី១៥៨ ទិវា៨ឧសភា ឆ្នាំ២០២១

ខេត្តកំពត៖ ដើម្បីទ្រទ្រង់ដល់វិស័យសកម្មភាពមនុស្សធម៌ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ បានបើកកិច្ចប្រជុំផ្សព្វផ្សាយ និងកៀរគរ មូលនិធិសប្បុរសជន ដើម្បីចូលរួមអបអរសាទរខួបលើកទី១៥៨ ទិវាពិភពលោកកាកបាទក្រហមអឌ្ឍចន្ទក្រហម ៨ ឧសភាឆ្នាំ២០២១ ក្រោមប្រធានបទ “ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ១៩ និងកសាងភាពធន់របស់សង្គមជាតិ” ។

កិច្ចប្រជុំនេះធ្វើឡើងនៅសាលាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ជាវ តាយ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ព្រមទាំងមានការចូលរួមពី អភិបាលរងខេត្តថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តនិងអាជ្ញាធរក្រុង ស្រុកទាំង៨ក្នុងខេត្ត។

មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាខេត្តបានសម្ដែងការកោតសរសើរចំពោះសប្បុរសជន ដែលជាថ្នាក់ដឹកនាំមន្ត្រីរាជការ ក្រុមហ៊ុន សិប្បករ អាជីវករ រួមនឹងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដែលបានចូលរួមមូលនិធិដើម្បីសកម្មភាពមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំប្រកបដោយការយកចិត្តទុកដាក់ខ្ពស់របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះដោយឧប្បតិ្តហេតុផ្សេងៗក្នុងទូទាំងប្រទេស និងមិនមានការរើសអើងអ្វីឡើយ។

ឯកឧត្តមប្រធាន បានលើកបញ្ជាក់ថា ដោយសារស្ថាប័នកាកបាទក្រហមកម្ពុជា គឺជាស្ថាប័នអង្គការមនុស្សធម៌ធំជាងគេក្នុងប្រទេសកម្ពុជា និងបានបម្រើសកម្មភាពមនុស្សធម៌ឈានមុខគេ ជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះនឹងជួបគ្រោះមហន្តរាយផ្សេងៗ មិនមានការរើសអើង ប្រកបដោយភាពអព្យាក្រិត្យ មានតម្លាភាព ឆ្លើយតបបានទាន់ពេលវេលា ក្នុងការជួយសង្គ្រោះ ប្រជាពលរដ្ឋ។ ស្ថាប័នកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំប្រកបដោយគុណធម៌ខ្ពស់ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ធ្វើឲ្យសប្បុរសជនគ្រប់ទិសទី មានចិត្តសប្បុរស ប្រកបដោយសទ្ធាជ្រះថ្លាក្នុងការបរិច្ចាគ ធនធាន ថវិកាជូនកាកបាទក្រហម ជាហូរហែបន្តបន្ទាប់ នាពេលកន្លងមក ពិសេសក្នុងអំឡុងពេលនៃវិបត្តិកូវីដ.១៩នេះ តែម្តង ។

ឯកឧត្តមប្រធានគណៈកម្មាធិការសាខាក៏បានបន្តថា សម្រាប់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពតឆ្នាំនេះ បើតាមការរំពឹងទុក សង្ឃឹមថា ការកៀរគរថវិកាពីសប្បុរសជនចូលរួមដោយស្ម័គ្រចិត្តប្រកបដោយ សទ្ធាជ្រះថ្លា ប្រហែលជាមិនតិចជាងឆ្នាំមុនទេ គឺក្នុងរង្វង់ជាង៤០ម៉ឺនដុល្លាដូចឆ្នាំមុនដដែល៕



