ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា រួមជាមួយឯកឧត្តម អនុប្រធាន ឯកឧត្តមលេខាធិការ និងសហការីនៃគណៈកម្មការ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ លោកគ្រូអ្នកគ្រូជាសាស្ត្រាចារ្យសិល្បៈបុរាណ និងសិល្បករ សិល្បការិនីនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា រួមជាមួយឯកឧត្តម អនុប្រធាន ឯកឧត្តមលេខាធិការ និងសហការីនៃគណៈកម្មការ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ លោកគ្រូអ្នកគ្រូជាសាស្ត្រាចារ្យសិល្បៈបុរាណ និងសិល្បករ សិល្បការិនីនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១។

មានប្រសាសន៍ក្នុងកម្មវិធីសំណេះសំណាល ឯកឧត្តម ហ៊ុន ម៉ានី បានយកឱកាសនេះ ថ្លែងអំណរគុណ ចំពោះទំហំចិត្តនៃការលះបង់ ខិតខំប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូ កន្លងមកក្នុងការបង្ហាត់បង្រៀន និងកិច្ចការរៀបចំចងក្រងឯកសារសិល្បៈបុរាណសម្រាប់ទុកជាមរតកចំណេះជំនាញបន្តដល់កូនចៅជំនាន់ក្រោយ ជាពិសេសសិល្បករ សិល្បការីនី។ ឯកឧត្តម ក៏បានបង្ហាញនូវការសហការ គាំទ្រ របស់គណៈកម្មការទី៧ ចំពោះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លើការងារជំរុញលើកកម្ពស់ស្មារតី ឆន្ទៈ និងទឹកចិត្តយុវជនឱ្យមានការស្រលាញ់ ការពារសិល្បៈវប្បធម៌ខ្មែរ អោយគង់វង្សជានិរន្តរ៍តទៅ។

ទន្ទឹមនឹងការសួរសុខទុក្ខ ឯកឧត្តមប្រធានគណៈកម្មការ ក៏បានប្រគល់កញ្ចប់អំណោយជាសម្ភារអនាម័យ គ្រឿងបរិភោគ ម៉ាស់ និងថវិកា ជូនដល់សាស្ត្រាចារ្យសិល្បៈ សិល្បករ សិល្បការិនី ដែលមានវត្តមានផ្ទាល់ក្នុងកម្មវិធី និងសិល្បករ សិល្បការិនីផ្សេងទៀតសរុបចំនួន ៣៦៨ នាក់ ហើយបានផ្តាំផ្ញើឱ្យទាំងអស់គ្នាមានការយកចិត្តទុកដាក់ខ្ពស់លើការរក្សាសុវត្ថិភាពក្នុងដំណាក់កាលការរីករាលដាលជំងឺកូវីដ១៩ ដោយការអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់រាជរដ្ឋាភិបាល៕ អរគុណសន្តិភាព




