ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាល និងជូនដំណើរកងកម្លាំងកងពលតូចថ្នើជើងលេខ៣១

ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃសុក្រ ៣កើត ខែជេស្ធ ឆ្នាំឆ្លូវត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាល និងជូនដំណើរកងកម្លាំងកងពលតូចថ្នើជើងលេខ៣១ ដែលបានចូលរួមសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ ក្នុងការបិទខ្ទប់តំបន់ក្រហមនៅក្នុងក្រុងព្រះសីហនុ ។
ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ដោយមានការណែនាំ​ពីសម្ដេចតេជោក្នុងដំណើរការបិទខ្ទប់ (តំបន់ក្រហម) ក្រុងព្រះសីហនុ ដែលមានឆ្លងរាលដាលធ្ងន់ធ្ងរដោយសារជំងឺកូវីដ-១៩ នាពេលកន្លងមក ដែលកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការរបស់យើងមានចំនួនមិនគ្រប់គ្រាន់សម្រាប់បំពេញបេសកកម្មបិទខ្ទប់ក្នុងក្រុងព្រះសីហនុ។
ដោយមានការគាំទ្រពីសម្ដេចតេជោ បានឱ្យកម្លាំងខាងក្រៅគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ពីរអង្គភាពមានដូចជា: កងកម្លាំងយោធភូមិភាគ៣ កងពលតូចថ្មើរជើងលេខ៣១ និងកម្លាំងកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ”រាម” បានចូលរួមក្នុងកិច្ចប្រតិបត្តិការរយៈពេល ២១ថ្ងៃកន្លងមកនេះ ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សូមសម្ដែងការអរគុណចំពោះថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ព្រមទាំងមេបញ្ជាការ មេបញ្ជាការរង នាយទាហាន និងពលទាហានទាំងអស់ដែលបានចូលរួមរយៈពេល ២១ថ្ងៃកន្លងមក ដើម្បីប្រយុទ្ធប្រឆាំងជំងឺឆ្លងដ៏កាចសាហាវកូវីត-១៩ នៅក្រុងព្រះសីហនុ ។
ឯកឧត្តមអភិបាលខេត្តបានបន្តថា មកទល់ពេលនេះជំងឺនេះយើងមិនអាចគ្រប់គ្រងបានទាំងស្រុងនោះទេ ក៏ប៉ុន្តែលទ្ធផលដែលបានខិតខំរបស់យើងនាពេលកន្លងមកនៃការបិទខ្ទប់តំបន់ក្រហមដែលមានការឆ្លង​រាលដាលច្រើន យើងបានប្រមូលផ្ដុំការបិទខ្ទប់នឹងប្រមូលប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហមទៅយកសំណាក ហើយបេសកកម្មនេះបានធ្វើចប់សព្វគ្រប់នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១កន្លងមក។ ការចាប់ផ្ដើមថ្ងៃដំបូងនៃការយកសំណាកអត្រាការឆ្លងមានអត្រាខ្ពស់ មានរហូតជាង ២០ភាគរយ ក្រោយពេលបិទខ្ទប់អត្ថប្រយោជន៍ដែលយើងទទួលបានធ្វើឱ្យអត្រានៃការឆ្លងមានការថយចុះជាបន្តបន្ទាប់រហូតដល់ថ្ងៃទី១៣ ខែឧសភា អត្រាឆ្លងធ្លាក់ចុះនៅសល់ក្រោម ១ភាគរយ នេះជាជោគជ័យដែលយើងបានបិទខ្ទប់ ប្រសិនបើយើងមិនបានធ្វើការបិទខ្ទប់ទេការឆ្លង ២០ភាគរយនៃកូវីដ-១៩ វានឹង អាចឆ្លងរាលដាលកើនឡើងរាប់សិបនាក់ ។
យើងក៏បានប្រមូលអ្នកឆ្លងកូវីដនៅខេត្តព្រះសីហនុ មានរហូតចំនួន ២៥៧១នាក់យកទៅព្យាបាល និងមាន​អ្នកជាសះស្បើយមានចំនួន ១.៥៥៣នាក់ នេះជាលទ្ធផលនៃការបិទខ្ទប់របស់យើង។ យើងនៅតែបន្តការគ្រប់គ្រងតាមទីសំណាក់ ឬផ្ទះដែលមានវិជ្ជមានកូវីដបន្តទៀត ដោយសំដៅលើក្រុមគ្រួសារណាដែលមានវិជ្ជមានកូវីដ-១៩ ក្នុងនោះក៏បានធ្វើការផ្សព្វផ្សាយ អប់រំ ការណែនាំ ការពិន័យអន្តរការណ៍ឱ្យប្រជាពលរដ្ឋចូលរួមអនុវត្តវិធានសុខាភិបាល និងការណែនាំ៣.ការពារ និង ៣.កុំ របស់សម្តេចអគ្គមហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យការយកសំណាកជុំទី២ មានការថយចុះ ។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា គណៈបញ្ជាការឯកភាពខេត្តបានប្រជុំពិភាក្សាកែសម្រួលកាត់បន្ថយតំបន់ក្រហម ព្រោះយើងធ្វើការយកសំណាករួចហើយ ម្យ៉ាងទៀតយើងបន្តបិទខ្ទប់ផ្ទះណាដែលមានការចម្លងថ្មីតែប៉ុណ្ណោះ ដោយសារពួកគាត់មិនបានអនុវត្តវិធានការ ៣.ការពារ និង ៣.កុំ មិនបានល្អ ។
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានស្នើសុំទៅសម្តេចតេជោ រំសាយកងអន្តរាគមន៍កងពលតូចថ្មើរជើងលេខ៣១ បណ្តោះ អាសន្ន សូមបងប្អូនត្រឡប់ទៅអង្គភាពដើម ត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃនៅអង្គភាព ប្រសិនមានករណីចាំបាច់ គណ: បញ្ជាការឯកភាពរដ្ឋបាលខេត្តនឹងស្នើសុំជាថ្មីម្តងទៀត ។ ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសូមថ្លែងអំណរគុណចំពោះមេបញ្ជាការ បញ្ជាការរង និងអគុណក្រុមគ្រួសារនៃកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានចូលរួមនៅទីនេះជាង ២០០នាក់ ទទួលបានសុខភាពល្អ ជោគជ័យក្នុងក្រុមគ្រួសារ និងឈ្នះជំងឺកូវីដ-១៩ ទាំងអស់គ្នា ។
លោកឧត្តមសេនីយ៍ទោ ថង់ យ៉ុត មេបញ្ជាការកងពលតូចថ្មើរជើងលេខ ៣១ មានប្រសាសន៍ថា ដោយអនុវត្តតាមបទ បញ្ជាមកចូលរួមបំពេញការងារបិទខ្ទប់តំបន់ក្រហម ក្នុងក្រុងព្រះសីហនុ រយៈពេល ២១ថ្ងៃកន្លងមក និងការអនុវត្តតាមគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្នុងការបិទខ្ទប់តំបន់ក្រហមទទួលបានលទ្ធផលនាពេលនេះ និងសូមថ្លែងអំណរគុណចំពោះគណៈបញ្ជាការឯកភាពខេត្ត ដែលបានជួយឧបត្ថម្ភគាំទ្រនូវការហូប ការស្នាក់នៅប្រកបដោយភាពកក់ក្តៅនាពេលកន្លងមកផងដែរ ។ ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត ក៍បានឧបត្ថម្ភទឹកបរិសុទ្ធ និងថវិកាចំនួន ២០លានរៀល ៕
អត្ថបទដែលជាប់ទាក់ទង