ពុទ្ធោ!! ចាប់ខ្លួនមេក្លោងឧក្រិដ្ឋជនគ្រឿងញៀន ជនជាតិចិន ២នាក់ រឹបអូសគ្រឿងញៀនជាង ៧០គីឡូក្រាម
ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន តាមផ្លូវគោក(ឆ្លងកាត់កម្ពុជាទៅវៀតណាម) ចាប់ខ្លួនមេក្លោងឧក្រិដ្ឋជនគ្រឿងញៀនជាជនជាតិចិន ២នាក់ និង រឹបអូសគ្រឿងញៀនជាង ៧០គីឡូក្រាម នៅរាជធានីភ្នំពេញ ។
អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានបន្តការស៊ើបអង្កេតតាមជំនាញ លើករណីជួញដូរគ្រឿងញៀនឆ្លងដែនតាមផ្លូវគោក ឆ្លងកាត់កម្ពុជា ទៅវៀតណាម ដែលបានសហការបង្ក្រាបនៅខេត្តស្វាយរៀង កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ។
នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៩:០៥នាទី កន្លងទៅ កម្លាំងជំនាញរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក១០) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ សារី បុត្រសត្យា នាយករងមន្ទីរ និងលោក វរសេនីយ៍ឯក តឹក សូនី នាយការិយាល័យ ក១០ ចូលរួមសហការពីកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងដឹកនាំសម្របសម្រួលពី លោក សឿន មុនីរ័ត្ន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកកិច្ចប្រតិបត្តិការ បន្តបង្រ្កាបករណីរក្សាទុក ជួញដូរគ្រឿងញៀនឆ្លងដែនតាមផ្លូវគោក នៅចំណុចទល់មុខផ្សារម៉ាតស៊ីផ្លេស ក្នុងបុរីប៉េងហួតបឹងស្នោ និងឆែកឆេរលំនៅដ្ឋានជនសង្ស័យ ផ្ទះលេខ២៧ ផ្លូវP10 បុរីប៉េងហួតបឹងស្នោរ ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមេក្លោងឧក្រិដ្ឋជនគ្រឿងញៀន ចំនួន ២នាក់:
១-ឈ្មោះ LIU JIC ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិចិន ២-ឈ្មោះ CHAN HUNG FAI ភេទប្រុស អាយុ ៥៨ឆ្នាំ ជនជាតិចិន ចាប់ដកហូតយកវត្ថុតាងរួមមាន សារធាតុញៀនប្រភេទ អ៊ិចស្តាស៊ី(MDMA) ទម្ងន់ 52 kg 768.50g ហេរ៉ូអ៊ីន ចំនួន ៤៩ដុំ ស្មើទម្ងន់ 17 kg 292.59g មេតំហ្វេតាមីន(ICE) 11.79 g
សរុប 70 kg 072.88 g
គួរបញ្ជាក់ថា ជនល្មើសទាំង ២នាក់បានឆ្លងកាត់ការយកសំណាកធ្វើ Rapid Test រកជម្ងឺកូវីដមាន លទ្ធផល ” អវិជ្ជមាន” ។
សមត្ថកិច្ចបន្តបំពេញការងារដោយសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ តាមចាប់មុខសញ្ញាពាក់ព័ន្ធ កំពុងរត់គេចខ្លួន និងកំពុងបើកការស៊ើបអង្កេត បទល្មើសសម្អាតប្រាក់ ៕ ដោយ ១៩