ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអញ្ជើញទទួលសម្ភារៈសុខាភិបាល និងគ្រឿងឧបភោគបរិភោគរបស់បញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃអង្គារ ៧កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអញ្ជើញទទួលសម្ភារៈសុខាភិបាល និងគ្រឿងឧបភោគបរិភោគរបស់បញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជូនដល់រដ្ឋបាលខេត្តស្វាយរៀង ដើម្បីរួមចំណែកជាមួយប្រជាពលរដ្ឋខេត្តស្វាយរៀងក្នុងការបង្ការ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ។
ក្នុងនាមតំណាងរដ្ឋបាលខេត្ត ឯកឧត្តមអភិបាលរងខេត្ត បានថ្លែងអំណរគុណជូនចំពោះ បញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ ដែលបានផ្តល់ជំនួយឧបត្ថម្ភសម្ភារសុខាភិបាល និងគ្រឿងឧបភោគបរិភោគមួយចំនួន ជូនរដ្ឋបាលខេត្តស្វាយរៀង ក្នុងអំឡុងពេលនៃការប្រយុទ្ធប្រឆាំង ទប់ស្កាត់ជំងឺកូវីដ-១៩នេះ ពិតជាមានសារសំខាន់ និងចាំបាច់ក្រៃលែង ដើម្បីរួមចំណែកលុបបំបាត់ទាំងស្រុងនៃការរីករាលដាលជំងឺឆ្លងសកលដ៏កាចសាហាវមួយនេះ ។ កាយវិការដ៏ថ្លៃថ្លានេះស្តែងឱ្យឃើញនូវទឹកចិត្តដ៏ល្អប្រពៃ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ជាពិសេសមូលដ្ឋានខេត្តជាប់ព្រំដែន ហើយក៏បានបង្ហាញពីស្មារតីសាមគ្គីជួយគ្នាទៅវិញទៅមកក្នុងគ្រាជួបគ្រោះទុក្ខភ័យ ការលំបាកនៃវិបត្តិជំងឺកូវីដ-១៩ ។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម ក៏បានជូនពរចំណងទំនាក់ទំនងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ រវាង កម្ពុជា-វៀតណាម ជាពិសេសបណ្តាខេត្តជាប់ព្រំដែន នៃប្រទេសទាំងពីរ កាន់តែមានការអភិវឌ្ឍ រីកចម្រើន ៕



