ឯកឧត្តម ខាន់ ម៉ាណេ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងក្រុមការងារខេត្តបាត់ដំបង និងឯកឧត្តម សួន សុម៉ាលីន អភិបាលរងខេត្តព្រៃវែង បានអញ្ជើញទទួលអំណោយ មី ពីឯឧត្តម លី ហុង ទីប្រឹក្សាក្រសួងមហាផ្ទៃ

ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រៃវែង និងខេត្តបាត់ដំបង និងជាអ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង ឯកឧត្តម ខាន់ ម៉ាណេ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងក្រុមការងារខេត្តបាត់ដំបង និងឯកឧត្តម សួន សុម៉ាលីន អភិបាលរងខេត្តព្រៃវែង បានអញ្ជើញទទួលអំណោយ មី ពីឯឧត្តម លី ហុង ទីប្រឹក្សាក្រសួងមហាផ្ទៃ។

អំណោយ មី ដែលឯកឧត្តម លី ហុង ទីប្រឹក្សាក្រសួងមហាផ្ទៃ បានគោរពប្រគល់ជូនសម្ដេចក្រឡាហោម ស ខេង ដើម្បីចូលរួមជួយឧបត្ថម្ភប្រជាពលរដ្ឋរងគ្រោះ និងមានបញ្ហាក្នុងជីវភាពនាឱកាសនេះមានចំនួន ២០០កេសធំ ស្មើនឹង១២០០កេសតូច ក្នុងនោះសម្តេចក្រឡាហោមបានបែងចែកជូនក្រុមក្រឡាហោមមនុស្សធម៌បាត់ដំបងចំនួន១០០កេសធំ និងរដ្ឋបាលខេត្តព្រៃវែងចំនួន១០០កេសធំ។

ក្នុងនាមសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ឯកឧត្តម ខាន់ ម៉ាណេ និងឯកឧត្តម សួន ម៉ាលីន បានថ្លែងអំណរគុណចំពោះទឹកចិត្តសប្បុរសធម៌របស់ឯកឧត្តម លី ហុង ទីប្រឹក្សាក្រសួងមហាផ្ទៃ និងបានជូនពរឯកឧត្តមទីប្រឹក្សា ព្រមទាំងក្រុមគ្រួសារ និងក្រុមការងារ សូមមានសុខភាពល្អ សម្រេចជោគជ័យគ្រប់ភារកិច្ច ៕ អរគុណសន្តិភាព
