អាជ្ញាធរខណ្ឌកំបូលចុះពិនិត្យជួសជុលផ្លូវសំបុក្រមាន់និងស្តាប្រឡាយក្នុងមូលដ្ឋានរបស់ខ្លូន ក្រោយពីមានគេចាក់លុបកន្លងមក
ភ្នំពេញ៖ ដើម្បីធានាបាននូវការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅមកនិងប្រកបកិច្ចការងារ ក្នុងមូលដ្ឋានដោយ សុខសុវត្ថិភាព និងបង្កាការជន់លិចដោយជំនន់ទឹកភ្លៀងនារដូវវស្សានេះ អាជ្ញាធរខណ្ឌកំបូលបានចាត់មន្រ្តីរបស់ខ្លួនចុះពិនិត្យជួសជុលផ្លូវសំបុក្រមាន់និងស្តារប្រឡាយបើកមុខទឹកហូរសងខាងផ្លូវ ក្នុងមូលដ្ឋាន ដែលត្រូវបានគេចាក់លុប នាពេលកន្លងមក។
ជាក់ស្តែងនៅព្រឹកថ្ងៃទី២០ខែឧសភានេះ អាជ្ញាធរខណ្ឌកំបូលដឹកនាំដោយលោក សេង គន្ធ អភិបាលរង តំណាងអភិបាលខណ្ឌ បានដឹកនាំកម្លាំងជំនាញចុះស្តារប្រឡាយសងខាងផ្លូវចូលសាលាខណ្ឌ ក្នុងភូមិកប់អំបិល សង្កាត់កំបូល ដែលមានប្រវែងប្រមាណជាង ២ពាន់ម៉ែត្រ ដើម្បីបើកមុខទឹកអោយហូរបញ្ជៀសការជន់លិចក្នុងរដូវវស្សានេះ ដែលប្រឡាយទាំងនោះត្រូវបានគេចាក់ដីលុបក្នុងរដូវប្រាំងកន្លងមកនេះជាមួយគ្នានោះក៏បានចុះគូសវៀសកំណត់ទីតាំងផ្លូវសំបុក្រមាន់ ដែលរងការខូចខាត ដើម្បីធ្វើការជួសជុលឡើងវិញ អោយទាន់ពេលវេលា។
លោក សេង គន្ធ អភិបាលរងខណ្ឌកំបូលបានមានប្រសាសន៍អោយដឹងថា បើទោះជាមមាញឹកនឹងការងារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក៏ដូចជាអនុវត្តតាមផែនការក្នុងការដឹកជញ្ជូនអំណោយមនុស្សធម៌របស់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជាតាមប្រសាសន៍របស់អភិបាលរាជធានីភ្នំពេញយ៉ាងណាក៏ដោយ ក៏លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានដាក់ផែនការអោយមន្រ្តីជំនាញរបស់ខ្លួនចុះពិនិត្យស្ថានភាពផ្លូវ និងប្រឡាយទឹកនានានៅក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ។
លោក សេង គន្ធ បានបញ្ជាក់ផងដែរថា មានកំណាត់ផ្លូវជាច្រើនរងការខូចខាតជាបន្តបន្ទាប់ ដោយសាររថយន្តដឹកដី និងរថយន្តដឹកលើសទំងន់កំណត់ យ៉ាងអាជ្ញាធរត្រូវធ្វើការជួសជុលដោយបានទាន់ពេលវេលានិងតាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីសម្រួលដល់ការធ្វើដំណើរប្រកបការងាររកទទួលទានរបស់បងប្អូនប្រជាពលរដ្ឋ ៕