រដ្ឋបាលរាជធានីភំ្នពេញ បានណែនាំដល់រដ្ឋបាលខណ្ឌទាំង១៤ មន្ទីរអង្គភាពជំនាញ និងប្រធានគណៈកម្មការផ្សាររដ្ឋទាំងអស់ ត្រូវអនុវត្តកិច្ចការបង្កើតក្រុមការងារចុះជួយសម្របសម្រួលការងារកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ បើកដំណើរការឡើងវិញចំពោះផ្សាររដ្ឋ បញ្ចប់បម្រាមគោចរ ឱ្យមានប្រសិទ្ធភាព តម្លាភាព

ភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ១១កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភំ្នពេញបានបើកកិច្ចប្រជុំចំនួន ៣ របៀបវារៈ ៖
-របៀបវារៈទី១ ស្ដីពីការបង្កើតក្រុមការងារចុះជួយសម្របសម្រួលការងារកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ និងអនុវត្តកម្មវិធី ” ជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់ ” បន្ទាប់ពីការអនុវត្តវិធានការបិទខ្ទប់ជាលក្ខណៈទ្រង់ទ្រាយធំ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។
-របៀបវារៈទី២ ស្ដីពីការបើកដំណើរការឡើងវិញចំពោះផ្សាររដ្ឋទាំងអស់ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ តទៅ ដោយលើកលែងតែផ្សារមិនរៀបរយទាំងអស់ ដូចជា ផ្សារក្រមួន ផ្សារចាត់តាំង ផ្សាររោងចក្រ ផ្សារសហគមន៍ ផ្សារក្នុងដីឡូត៍ឯកជន ផ្សារជុំវិញមន្ទីរពេទ្យ និងផ្សារតាមចិញ្ចើមផ្លូវ ជាដើម មិនត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើយ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍។
-របៀបវារៈទី៣ ស្ដីពីការបិទបញ្ចប់បម្រាមគោចរ និងការអនុញ្ញាតគោលការណ៍ពិសេសចំពោះអាជីវកម្មដ្ឋាន ក្នុង “តំបន់លឿង” នៃភូមិសាស្រ្តរាជធានីភ្នំពេញ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ តទៅ។
រដ្ឋបាលរាជធានីភំ្នពេញ បានណែនាំដល់រដ្ឋបាលខណ្ឌទាំង១៤ មន្ទីរអង្គភាពជំនាញ និងប្រធានគណៈកម្មការផ្សាររដ្ឋទាំងអស់ ត្រូវអនុវត្តកិច្ចការទាំងនេះឱ្យមានប្រសិទ្ធភាព តម្លាភាព ទាន់ពេលវេលានិងមានសុវត្ថិភាពខ្ពស់ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងរាជធានីភំ្នពេញ៕

















