ក្រុងប៉ោយប៉ែតកំពុងផ្ទុះជម្ងឺកូវីដ.១៩ តំបន់ខ្លះបិទខ្ទប់ នាំគ្នាជក់ លក់ថ្នាំញៀនត្រូវអាវុធហត្ថឃាត់ខ្លួន
ខេត្តបន្ទាយមានជ័យ៖ ក្រុងប៉ោយប៉ែតកំពុងតែផ្ទុះជម្ងឺកូវីដ.១៩ តំបន់ខ្លះកំពុងបិទខ្ទប់តែនៅតែមានជន ១ក្រុម ឆ្លៀតឪកាសនាំគ្នាជក់ លក់ថ្នាំញៀនយ៉ាងសកម្ម ត្រូវកងងរាជអាវុធហត្ថឃាត់ខ្លួនបាននៅវេលាម៉ោង១២យប់ឈានចូលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ ។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា ការចាប់ឃាត់ខ្លួនជនសង្ស័យលក់និងជក់ថ្នាំញៀននោះ អនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេន៍យ៍ ត្រី បោនប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកបានដឹកនាំកំលាំងអាវុធហត្ថ១ក្រុមចុះទៅកន្លែងជនសង្ស័យបានប្រព្រឹត្តឃាត់ខ្លួនជនសង្ស័យបាន ៤នាក់នៅចំណុចមុខមន្ទីរពេទ្យនគរាជ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជនសង្ស័យ ទី១.ឈ្មោះ អួក រតនា ភេទប្រុស អាយុ៣៦ឆ្នាំ ទី២.ឈ្មោះ ឈុន គឹមសេង ភេទប្រុស អាយុ៣៨ឆ្នាំ ទី៣.ឈ្មោះ ជ្រុន វុទ្ធី ភេទប្រុស អាយុ២៥ឆ្នាំ ទី៤.ឈ្មោះ ហុិន ធារ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ ទាំង៤នាក់រស់នៅភូមិថ្មសិន សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ អាវុធហត្ថដកហូតវត្ថុតាងរួមមាន គ្រឿងញៀនម្សៅក្រាមពណ៌សថ្លា ចំនួន១កញ្ចប់ ទម្ងន់ ២,៦៩ក្រាម ទូរស័ព្ទដៃ ៣គ្រឿង ម៉ូតូ ១គ្រឿង ម៉ាកហុងដាវ៉េវ ពណ៌ទឹកប៊ិច និងសម្ភារៈមួយចំនួនទៀត ម្សៅក្រាមពណ៌សថ្លា ចំនួន ៤កូនថង់ ទម្ងន់ ០,៨៤ក្រាម គ្រឿងញៀនគ្រាប់ពណ៌ក្រហមក្បឿងយ៉ាម៉ាចំនួន ៣គ្រាប់ ទម្ងន់ ០,២៩ក្រាម ទូរស័ព្ទដៃ ៣គ្រឿង ម៉ូតូ ១គ្រឿង ម៉ាកហុងដាហ្ស៊ូម័រអ៉ិច ពណ៌ក្រហម លាយខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1AD-5162 ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ឲ្យដឹងទៀតថា ជនសង្ស័យទាំង ៤នាក់ ពេលអាវុធហត្ថសួរចម្លើយបានឆ្លើយសារភាពថា ពួកគេបានទិញគ្រឿងញៀនមកទុកជក់និងលក់ផង។ លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលផែនគ្រឿងញៀនបានឲ្យដឹងថា ជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានកម្លាំងការិយាល័យគ្រឿងញៀន អាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះ ដើម្បីចងក្រងសំណុំរឿងដាក់ទោសទៅតាមច្បាប់ ៕