ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) ខេត្តប៉ៃលិន នាំយកស្បៀងអាហារ ចែកជូនប្រជាពលរដ្ឋខ្វះខាតដោយសារវិបត្តិជំងឺកូវីដ-១៩ ចំនួន ៧គ្រួសារ

ខេត្តប៉ៃលិន៖ ឯកឧត្តម ហុក សុផល អភិបាលរងខេត្តប៉ៃលិន និងជាអនុប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក ខេត្ត) ក្នុងនាមលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក ខេត្ត)រួមដំណើរដោយលោក សៀ សុខុម អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក ខេត្ត) និងជាអនុប្រធានក្រុមការងារ ចុះជួយភូមិព្រៃសន្ទះ និង ភូមិកូនដំរី បានដឹកនាំក្រុមការងារ យកអំណោយស្បៀង ផ្តល់ជូនប្រជាពលរដ្ឋ មានជីវភាពក្រីក្រខ្វះខាត ក្នុងស្ថានភាព នៃការរាតត្បាតជំងឺកូវីដ-១៩ ក្នុងភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅខេត្តប៉ៃលិន ចំនួន៧គ្រួសារ។

ថ្លែងក្នុងឱកាសផ្តល់ស្បៀងតាមខ្នងផ្ទះ ឯកឧត្តម ហុក សុផល អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក ខេត្ត) បានក្រើនរំលឹក ដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ចំពោះសុវត្ថិភាព សុខភាពផ្ទាល់ខ្លួន ជាពិសេស ត្រូវអនុវត្តតាមវិធានការ (៣ការពារ ៣កុំ) របស់ប្រមុខរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ។

លោកបន្តទៀតថា ក្រោមការចង្អុលបង្ហាញពីឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវអភិបាលខេត្ត បានណែនាំឱ្យក្រុមការងារទាំងអស់ បន្តចុះផ្សព្វផ្សាយជារៀងរាល់ថ្ងៃ នូវវិធានការរបស់រដ្ឋបាល ខេត្ត និងប្រមុខរាជរដ្ឋាភិបាល ព្រមទាំងវិធាននានារបស់ក្រសួងសុខាភិបាល ដោយណែនាំឱ្យយល់ដឹងនូវកាតព្វកិច្ច ពាក់ម៉ាស លាងដៃជាមួយសាប៊ូ ឬជែល ទឹកអាល់កុល រក្សាគម្លាតសង្គមឱ្យបាន១.៥ម៉ែត្រ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ។

លើសពីនេះ នៅក្នុងខេត្តប៉ៃលិន អាជ្ញាធរខេត្ត បានដឹកនាំមន្រ្តីសុខាភិបាល ក៏ដូចជាកងកម្លាំងទាំង៣ប្រភេទ ធ្វើការយាមកាមទាំងយប់ទាំងថ្ងៃ យ៉ាងតឹងរឹង នៅតាមច្រកព្រំប្រទល់ខេត្តបាត់ដំបង និងខេត្តប៉ៃលិន ដើម្បីដាក់ប៉ុស្តិ៍ត្រួតពិនិត្យ អ្នកធ្វើដំណើរចេញចូលទៅមក ដោយវាស់កំដៅ លាងដៃនឹងទឹកអាល់កុល ឬជែល យ៉ាងយកចិត្តទុកដាក់ មិនឱ្យមានប្រជាពលរដ្ឋក្នុងខេត្តណាម្នាក់ ឆ្លងជំងឺដ៏កាចសាហាវនេះឡើយ ។

ប្រជាពលរដ្ឋក្នុងគ្រួសារនីមួយៗ សប្បាយរីករាយយ៉ាងខ្លាំង ក៏ថ្លែងអំណរគុណដល់ឯកឧត្តម លោកជំទាវ និងក្រុមការងារ ដែលបានយកចិត្តទុកដាក់ផ្តល់ស្បៀងជូនពួកគាត់ ខណ:កំពុងតែខ្វះខាតខ្លាំង ហើយក៏សូមជូនពរដល់ថ្នាក់ដឹកនាំ និងក្រុមការងារទាំងអស់ទទួលបានជោគជ័យគ្រប់ភារកិច្ច ។

សូមបញ្ជាក់ផងដែរថា៖ អំណោយដែលក្រុមការងារផ្តល់ជូនប្រជាពលរដ្ឋខ្វះខាតទាំងអស់ ក្នុង១គ្រួសារទទួលបាន អង្ករ ៥០គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកសុទ្ធ៤យួរ ត្រីខ ១ដុំ និងម៉ាស ១ដុំ៕ ដោយ៖កឹមឈៅ
