ទេយ្យវត្ថុ ជាគ្រឿងឧបភោគបរិភោគ បច្ច័យ និងសម្ភាររបស់រដ្ឋបាលខេត្ត បានប្រគេនដល់ព្រះសង្ឃក្នុងវត្តចំនួន ៣វត្ត នៅស្រុកប្រាសាទបាគង
ខេត្តសៀមរាប៖ ថ្ងៃអាទិត្យ ១២កេីត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ នៅវត្តបន្ទាយក្បាលចិន ឃុំអំពិល វត្តពង្ររង្សី ឃុំកន្ទ្រាំង វត្តព្រះខ័នសែនជ័យ ឃុំបល្ល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ទេយ្យវត្ថុ ជាគ្រឿងឧបភោគបរិភោគ បច្ច័យ និងសម្ភារប្រើប្រាស់ ដែលជាអំណោយរបស់រដ្ឋបាលខេត្តសៀមរាប ត្រូវបាន លោក ពិន ប្រាកដ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប រួមដំណើរដោយអស់លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ-អង្គភាព អាជ្ញាធរស្រុក និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និង ស្រុក នាំយកទៅវេរប្រគេនព្រះសង្ឃ ចំនួន ០៣វត្ត ដែលជួបនូវការខ្វះខាត ក្នុងបរិបទជម្ងឺកូវីដ១៩ ។
តាមការបញ្ជាក់របស់លោក សូរ ប្លាតុង អភិបាល នៃគណៈអភិបាលស្រុកប្រាសាទបាគង បានឲ្យដឹងថា វត្តដែលជួបរងនូវការខ្វះខាតក្នុងស្រុកមាន ០៣វត្ត ក្នុងនោះមាន វត្តបន្ទាយក្បាលចិន ស្ថិតនៅក្នុងភូមិបង្កោង ឃុំអំពិល, វត្តពង្ររង្សី ភូមិពង្រ ឃុំកន្ទ្រាំង និងវត្តព្រះខ័នសែនជ័យ ស្ថិតក្នុងមជ្ឍមណ្ឌលយោធិនពិការ ៣១៧គូលេនសែនជ័យ ឃុំបល្ល័ង្គ ស្រុកប្រាសាទបាគង មានព្រះសង្ឃសរុបចំនួន ៥៥អង្គ។
មានប្រសាសន៍សំណេះសំណាលនោះដែរ ក្នុងនាមឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត លោក ពិន ប្រាកដ បានបញ្ជាក់ថា ក្រោមខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំខេត្ត ស្ថាប័នជំនាញពាក់ព័ន្ធ ការលះបង់របស់កងទ័ពជួរមុខ អាជ្ញាធរដែនដី រួមទាំងការចូលរួមសហការពីសហភាពសហព័ន្ធយុវជន និងបងប្អូនប្រជាពលរដ្ឋ ឃើញថា កម្ពុជាកាត់បន្ថយបាននូវចំនួនអ្នកឆ្លង កូវីដ១៩ ហើយចំនួននៃអ្នកជាសះស្បើយ ក៏បានបង្ហាញនៅក្នុងតារាងតួរលេខប្រចាំថ្ងៃផងដែរ ដែលនេះគឺជាមោទកភាពរបស់កម្ពុជា សម្រាប់កាត់ផ្តាច់ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ២០២១ ព្យាបាលមុខរបួសនៃវិបត្តិកូវីដ១៩ សំដៅឆ្ពោះទៅរកការងើបឈរឡើងវិញ នៃកំណើនសេដ្ឋកិច្ចកម្ពុជា ក្រោមការត្រៀមទុកដោយយន្តការនៃយុទ្ធសាស្រ្ត កែប្រែវិបត្តិកូវីដ ឲ្យក្លាយជាឱកាស នៃការអភិវឌ្ឍន៍ ។
គួរបញ្ជាក់ផងដែរថា កម្មវិធីប្រគេនទេយ្យវត្ថុ មានចង្ហាន់បិណ្ឌបាតជាដើមនេះ ត្រូវបានរដ្ឋបាលខេត្តបានរៀបចំឡើងសម្រាប់បណ្តាវត្តចំនួន៣៦(វត្ត ៣០ និងអាស្រមចំនួន៦) ដែលជួបការលំបាកខ្លាំង ស្ថិតនៅតាមបណ្តាមូលដ្ឋានស្រុកទាំង១១ទូទាំងខេត្ត លើកលែងតែក្រុងសៀមរាប ។
ក្នុងនោះដែរលោកអភិបាលរងខេត្ត ក៏បានសំណូមពរដល់ព្រះសង្ឃគ្រប់វត្ត ក៏ដូចអាជ្ញាធរឃុំ ភូមិ បង្កើនការយកចិត្តអប់រំ ផ្សព្វផ្សាយបន្តដល់ប្រជាពុទ្ធបរិស័ទ ពីវិធានការ ៣កុំ ៣ការពារ និង ២ចូលរួម និង សេចក្តីណែនាំពីវិធានការការពាររបស់ក្រសួងសុខាភិបាល។
ទេយ្យវត្ថុរួមមាន ៖ អង្ករចាប់ពី ២០០គីឡូក្រាម ដល់ ៣០០គីឡូក្រាម អាស្រ័យលើចំនួនព្រះសង្ឃ និងតាជី-យាយជី ក្រៅពីនេះមាន មី ១០កេស ,ទឹកសុទ្ធ ៥កេស ,ទឹកត្រី ៥កេស,ទឹកស៊ីអ៊ីវ ៥កេស , ត្រីខ ២កេស , ស្ករស ,ទឹកដោះគោ ភេសជ្ជៈ អាកុល និង បច្ច័យ ២លានរៀល សម្រាប់វត្តនីមួយៗ ៕