អភិបាលរាជធានីភ្នំពេញ ជំរុញឲ្យអាជ្ញាធរខណ្ឌដែលមានផ្ទុះជម្ងឺកូវីដ-១៩ថ្មី ពង្រឹងការងារឱ្យបានម៉ឺងម៉ាត់បន្ថែមទៀត លើការទប់ស្កាត់ការរាលដាលពីកន្លែងមួយទៅកន្លែងមួយទៀត

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញឯកឧត្តម ឃួង ស្រេង បានជំរុញឲ្យអាជ្ញាធរខណ្ឌ ដែលមានមូលដ្ឋានរបស់ខ្លួនមានតំបន់បិទខ្ទប់(តំបន់លឿងទុំ) ត្រូវអនុវត្តការងារ លើកិច្ចការពារឲ្យបានហ្មត់ចត់បំផុត ដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាលជំងឺកូវី-១៩ ពីតំបន់មួយទៅតំបន់មួយទៀត ហើយបើមានបញ្ហាអ្វីដែលហូសពីដែនសមត្ថកិច្ចរបស់ខ្លួន អាជ្ញាធរខណ្ឌ ត្រូវធ្វើទំនាក់ទំនងឬស្នើសុំភ្លាមៗមកអាជ្ញាធររាជធានីភ្នំពេញឬមកក្រសួងសុខាភិបាល ដើម្បីយើងមានវិធានការបន្ថែមទៀត សំខាន់ធ្វើយ៉ាងណាកុំឲ្យជំងឺនេះពង្រីកខ្លួនឬចម្លងពីទីតាំងមួយទៅទីតាំងមួយផ្សេងទៀត ។

ការជំរុញបែបនេះរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជអានីភ្នំពេញបានធ្វើឡើង នារសៀលថ្ងៃទី២៥ ឧសភានេះ ក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) ស្ដីពីការត្រួតពិនិត្យការងារមូលដ្ឋានខណ្ឌសែនសុខ ខណ្ឌឫស្សីកែវ និងខណ្ឌពោធិ៍សែនជ័យ ក្នុងកិច្ចការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅសាលារាជធានីភ្នំពេញ ខណៈដែលខណ្ឌទាំងបីនេះបាននិងកំពុងផ្ទុះឡើងជាថ្មី ជម្ងឺកូវីដ-១៩។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ៖ ការផ្ទុះឡើងនូវជម្ងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មកដល់ពេលនេះ មានរយៈពេលជាង ៣ខែហើយ យើងក៏មានបទពិសោធន៍ច្រើនហើយដែរ ក្នុងការបង្ការនិងទប់ស្កាត់ជំងឺនេះ កុំឱ្យរីករាលដាលយ៉ាងមានប្រសិទ្ធភាព ។ ដូច្នេះទេ អាជ្ញាធរខណ្ឌទាំង៣ត្រូវពិនិត្យ តាមដាន និងមានចំណាត់ការឲ្យបានច្បាស់លាស់ បើមានចំណុចណាមួយដែលជាចំណុចខ្វះខាត ដែលខណ្ឌមិនអាចបំពេញបន្ថែមបាន អាជ្ញាធរខណ្ឌ ត្រូវរាយការណ៍និងសុំជំនួយពីអាជ្ញាធររាជធានី ឬក្រសួងសុខាភិបាលភ្លាម ។ អ្វីដែលយើងចង់បានពេលនេះ គឺការផ្ដាច់ឱ្យបាននូវការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ពីទីតាំងមួយទៅទីតាំងមួយទៀត ។

ឯកឧត្តម ឃួង ស្រេងក៏បានស្នើឱ្យអាជ្ញាធរខណ្ឌបន្តវិធានការ នៃការបាញ់ថ្នាំសម្លាប់មេរោគនៅតំបន់មួយចំនួនដែលអាជ្ញាធរគិតថា ជាតំបន់ដែលមានហានិភ័យខ្ពស់ក្នុងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយលោកអភិបាលរាជធានីភ្នំពេញជឿជាក់ថា ការបាញ់សម្លាប់មេរោគ គឺជាវិធានការដែលមានប្រសិទ្ធភាពនិងគួរឱ្យជឿទុកចិត្តបាន។

ឯកឧត្តម អភិបាលរាជធានីបានបញ្ជាក់ថា ៖ ទីតាំងតំបន់រឿងទុំ ដែលបាននិងកំពុងបិទខ្ទប់ អាជ្ញាធរខណ្ឌត្រូវតែគ្រប់គ្រងឲ្យបានហ្មត់ចត់បំផុត មិនឲ្យមានការចេញចូលនោះទេ ហើយចំពោះស្បៀងអាហារហូបចុក ក៏ត្រូវតែមានគ្រប់គ្រាន់ សម្រាប់ផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋនៅតំបន់ទាំងនេះ៕