ប្រជាពលរដ្ឋចំនួន ១៨៤គ្រួសារ រស់នៅភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ទទួលបានអំណោយពីថ្នាក់ដឹកនាំខេត្ត

ខេត្តកំពង់ឆ្នាំង៖ ថ្ងៃអង្គារទី២៥ ខែឧសភា ឆ្នាំ២០២១នេះ លោកជំទាវ ឈឹម ស្រីមុំ ភរិយាឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង លោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង អញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងចែកអំណោយជូនដល់ប្រជាពលរដ្ឋដែលបិទខ្ទប់មានករណីមានអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១៨៤គ្រួសារ រស់នៅភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ ដោយមានការចូលរួមពីលោក យិន សាវ៉េន អភិបាលក្រុង លោក លោកស្រី ក្រុមការងារផងដែរ។

លោកជំទាវបានសំណូមពរដល់ប្រជាពលរដ្ឋ ត្រូវតែបន្តរក្សាសុខភាពអនាម័យប្រចាំថ្ងៃ និងរក្សាគម្លាតសង្គមឱ្យបានល្អ ដើម្បីចៀងវាងការឆ្លងរីករាលដាលពីជំងឺផ្សេងៗ ជាពិសេស ជំងឺកូវីដ-១៩ ដោយអនុវត្តតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន គឺ ៣ការពារ និង៣កុំ និងត្រូវអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ឱ្យបានត្រឹមត្រូវ។

សូមជម្រាបជូនផងដែរថា៖ អំណោយដែលបានចែកជូនប្រជាពលរដ្ឋនាឱកាសនេះគឺតាមរយៈលោក ឆេង ផល្លា ដែលជាអំណោយរបស់ មហាឧបាសក លឹម ឈន់ និងមហាឧបាសិកា ចាយ គង់ ឧបាសិកា ហ៊ឺ ប៊ុនសេង លោកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ និងលោកជំទាវ ហេង សុខា ព្រមទាំងបុត្រាបុត្រី៕ ប្រភព រដ្ឋបាលខេត្ត
