អភិបាលខេត្តកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ការទប់ស្កាត់ការរីករាលនៃជំងឺកូវីដ-១៩

ខេត្តកោះកុង៖ ថ្ងៃអង្គារទី២៥ ខែឧសភា ឆ្នាំ២០២១ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការទប់ស្កាត់ការរីករាលជំងឺកូវីដ-១៩ (Covid-19) ដោយមានការអញ្ជើញចូលរួមពី លោកអភិបាលរងខេត្ត កម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ ប្រធានមន្ទីរជំនាញពាក់ព័ន្ធ លោកអភិបាលក្រុង ស្រុក និងអ្នកពាក់ព័ន្ធមួយចំនួនទៀត នៅសាលប្រជុំ (ខ) សាលាខេត្តកោះកុង។

ថ្លែងក្នុងកិច្ចប្រជុំនេះ លោកជំទាវអភិបាលខេត្ត បានស្នើឱ្យកម្លាំងជំនាញពាក់ព័ន្ធធ្វើការសា្រវជ្រាវ វាយតម្លៃសភាពការណ៍ក្នុងស្រុកស្រែអំបិល ដែលមានការផ្ទុះឡើងនូវជំងឺកូវីដ-១៩ ជាពិសេសធ្វើការប្រមូលទិន្នន័យឱ្យបានជាក់លាក់អំពីចំនួនអ្នកពាក់ព័ន្ធ និងចំនួនខ្នងផ្ទះពាក់ព័ន្ធក្នុងភូមិ ឃុំ។ ជាមួយគ្នានេះ រដ្ឋបាលក្រុង ស្រុក ត្រូវអនុវត្តវិធានការផាកពិន័យចំពោះជនណា ដែលប្រព្រឹត្តិល្មើសវិធានការរដ្ឋបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ក្នុងភូមិសាស្រ្តក្រុង ស្រុក របស់ខ្លួន។

ដោយឡែកសម្រាប់តំបន់ទេសចរណ៍ចំនួន២ គឺឆ្នេរនេសាទ និងជីផាត ត្រូវផ្អាកដំណើរការជាបណ្តោះអាសន្នរយៈពេលមួយសប្តាហ៍ ហើយសម្រាប់តំបន់ទេសចរណ៍ផ្សេងទៀត ត្រូវពង្រឹងការអនុវត្តនូវវិធានការនានារបស់ក្រសួងសុខាភិបាល និងអនុសាសន៍ ៣ការពារ ៣កុំ ជាពិសេស ត្រូវពង្រឹងការស្គេន QR Code។ ចំពោះនៅតាមទីប្រជុំជន និងផ្សារ ត្រូវពង្រឹងការអប់រំផ្សព្វផ្សាយ ការពាក់ម៉ាស់ បាញ់អាល់កុល និងរក្សាកម្លាត រួមជាមួយនឹងវិធានការផ្សេង។

ជាមួយគ្នានេះ នៅតាមបណ្តាប៉ុស្តិ៍ត្រួតពិនិត្យ ជាពិសេសច្រកស្រែអំបិល ត្រូវពង្រឹងការត្រួតពិនិត្យការធ្វើដំណើរចូល របស់ប្រជាពលរដ្ឋ និងបន្ថែមការធ្វើតេស្តរហ័សឱ្យបានច្រើន ធ្វើយ៉ាងណាទប់ស្កាត់ឱ្យបានជាដាច់ ខាតនូវការឆ្លងរាលដាល នៃជំងឺនេះ៕

